អគារទីស្ដីការថ្មីរបស់ គ.ជ.ប ដែលមានតម្លៃប្រមាណជាង $២១លាន ត្រូវបានរៀបចំពីធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ នាព្រឹកនេះ
ភ្នំពេញ៖ អគារទីស្ដីការថ្មីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលមានតម្លៃប្រមាណជា ២១លានដុល្លារសហរដ្ឋអាមរិក ត្រូវបានរៀបចំពីធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងលោកស្រី។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា អគារទីស្ដីការថ្មីរបស់ គ.ជ.ប នេះមានកម្ពស់ ៩ ជាន់ សាងសង់លើផ្ទៃដីចំនួន ៣២ ០០០ ម៉ែត្រការ៉េ រយៈពេលសាងសង់ ២២ខែ ដោយចំណាយថវិកាប្រមាណជាង ២១លានដុល្លារអាម៉េរិក។
លោកបន្ដថា ជាងនេះទៀត សំណង់នេះ មានលក្ខណៈចារិតជាខ្មែរ បម្រើឱ្យជាកន្លែងការងារយ៉ាងទូលាយ ដែលក្នុងនោះ សាលប្រជុំអាចដាក់មនុស្សរហូតបានទៅដល់ ៤៥០នាក់ និងបំពាក់ទៅដោយ ភ្លើង LED ហើយសម្រាប់ការបំពាក់ឧបករណ៍ទាំងឡាយ នឹងផ្ដល់ជាគុណប្រយោជន៍ ព្រមទាំងទំនុកចិត្តដល់គណបក្សនយោបាយ ជាពិសេសការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យា ដែល គ.ជ.ប កំពុងតែត្រៀមលក្ខណៈ និងប្រើប្រាស់ជាបន្តបន្ទាប់ ធ្វើឱ្យការទុកចិត្តជឿជាក់លើវិស័យបោះឆ្នោត និងមានការចូលរួម ការគាំទ្រកាន់តែខ្លាំងឡើង។
លោកបានបន្ថែមថា អគារកម្ពស់ ៩ ជាន់នេះ នឹងបម្រើសេវាកម្មបោះឆ្នោតជូនដល់សាធារណជន ដែលជាគុណប្រយោជន៍ដល់ប្រទេសជាតិទាំងមូល។ ដោយឡែកតាមគម្រោងសាងសង់នឹងបញ្ចប់នៅខែតុលា ឆ្នាំ២០២៥៕