អធិការខណ្ឌសែនសុខ ចេញដីកាកោះហៅម្ចាស់រថយន្តFord Pick Up ចូលមកសារភាព ក្រោយបើករថយន្តប៉ះ និងកិនអ្នកបើកម៉ូតូមួយគ្រឿងនៅខណ្ឌសែនសុខ
(ភ្នំពេញ)៖ រថយន្ដ Ford Pick Up មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BS-6644 បើកប៉ះជាមួយម៉ូតូ រួចបន្ដកិនពីលើបណ្ដាលឲ្យរងរបួស ហើយបើករត់គេចខ្លួនបាត់ស្រមោល ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសឲ្យអ្នកបើករថយន្ត Ford ឈ្មោះ អ៉ឹម អរុណគង់ហុង ចូលខ្លួនមកសារភាពកំហុស នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤។ នេះបើយោងតាមដីកាកោះរបស់អធិការខណ្ឌសែនសុខ។
ដីកាកោះរបស់អធិការខណ្ឌសែនសុខ បានបញ្ជាក់ថា សូមអញ្ជើញអ្នកបើករថយន្ត Ford ឈ្មោះ អ៉ឹម អរុណគង់ហុង រស់នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ចូលខ្លួនមកសារភាពកំហុសនៅអធិការដ្ឋានខណ្ឌសែនសុខ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៤៖០០ រសៀលដើម្បីដោះស្រាយគ្រោះថ្នាក់ចរាចរណ៍។
សូមបញ្ជាក់ថា រថយន្ដ Ford Pick Up មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BS-6644 បើកប៉ះជាមួយម៉ូតូ រួចបន្ដកិនពីលើបណ្ដាលឲ្យរងរបួស ហើយបើករត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះ កើតឡើងនៅយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ តាមរយៈវីដេអូដែលបង្ហាញដោយកាមេរ៉ាសុវត្ថិភាព បានឲ្យដឹងថា រថយន្ដនេះកៀរម៉ូតូបណ្ដាលឲ្យដួល ហើយមិនឈប់ចុះមើលជនរងគ្រោះនោះទេ បែរជាបើកកិនពីលើកហើយរត់គេចខ្លួនបាត់ស្រមោលតែម្ដង៕