រកឃើញសាច់បង្កកខុសច្បាប់ជិត២តោននៅទីតាំងស្តុក២កន្លែងក្នុងខណ្ឌច្បារអំពៅ

មន្ត្រីជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៣ បានសហការជាមួយមន្ត្រីជំនាញនាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល រួមនិងអាជ្ញាធរមូលដ្ឋាន ចុះរកឃើញសាច់បង្កកដែលត្រូវបានស្តុកទុកដោយខុសច្បាប់ប្រមាណជិត២តោន នៅទីតាំងស្តុកទុក២ទីតាំងផ្សេងគ្នា ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច។

នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបញ្ជាក់ថា ទីតាំងស្តុកទុកសាច់បង្កកខុសច្បាប់ទាំងពីរទីតាំង រួមមាន៖ទី១ ស្ថិតនៅដីឡូតិ៍គ្មានលេខមួយកន្លែង តាមបណ្ដោយផ្លូវលំ ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងទី២ ស្ថិតនៅដីឡូតិ៍គ្មានលេខមួយកន្លែង តាមបណ្ដោយផ្លូវលេខ៣៥១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្រោយការចុះឆែកឆេរ និងត្រួតពិនិត្យជាក់ស្តែងនៅទីតាំងទាំងពីរខាងលើ សមត្ថកិច្ចបានរកឃើញវត្ថុតាងជាសាច់ជ្រូក សាច់គោ សាច់ទា សាច់មាន់ និងគ្រឿងក្នុងបង្កកសរុបទម្ងន់ ១៨,៨៤៨គីឡូក្រាម(១,៨តោន)។ វត្ថុតាងជាសាច់បង្កកខុសច្បាប់ទាំងជិត២តោន ត្រូវបានលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សំរេចឱ្យបិទប្លុំបេរកុងទីន័រក្លាសេ្សទាំង២ទីតាំង និងនាំខ្លួនជនសង្ស័យដែលម្ចាស់ទីតាំងស្តុកសាច់បង្កកចំនួន២នាក់ ដើម្បីសាកសួរបំភ្លឺតាមនីតិវិធី។

បញ្ហាសាច់បង្កកខុសច្បាប់ កំពុងក្លាយជាក្ដីកង្វក់សម្រាប់ប្រជាពលរដ្ឋដែលជាអ្នកបរិភោគ ដោយសារពួកគេភ័យខ្លាចចំពោះការប៉ះពាល់សុខភាព ទោះបីជាសមត្ថកិច្ចបានចុះបង្រ្កាបជាបន្តបន្ទាប់ក៏ដោយ។ អ្នកតាមដានសង្គម និងអ្នកជំនាញផ្នែកសុខភាពសាធារណៈ បានទទូចឱ្យអាជ្ញាធរមានសមត្ថកិច្ចរឹតបន្តឹង ជាពិសេសស្នើឱ្យប្រើចំណាត់ការក្ដៅចំពោះក្រុមឈ្មួញដែលនាំចូលសាច់បង្កកគ្មានគុណភាព ដែលបង្កឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds