សម្ដេច ហ៊ុន ម៉ាណែត ៖ នយោបាយឈ្នះឈ្នះ មិនអាចសម្រេចទៅបាននោះឡើយ បើគ្មានប្រតិបត្តិករដ៏ស្មោះត្រង់ចូលរួមជាមួយសម្ដេចតេជោ ហ៊ុន សែន ទេនោះ

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា នយោបាយឈ្នះឈ្នះ មិនអាចសម្រេចទៅបាននោះឡើយ បើគ្មានប្រតិបត្តិករដ៏ស្មោះត្រង់ចូលរួមជាមួយសម្ដេចតេជោ ហ៊ុន សែន ទេនោះ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីអបអរសាទរខួប២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះឈ្នះ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ពិតណាស់សម្ដេចតេជោ ហ៊ុន សែន ជាស្ថានិកមគ្គុទេសក៍ឯក ក្នុងការដាក់ចេញនូវយុទ្ធសាស្ដ្រនយោបាយឈ្នះឈ្នះ និងដឹកនាំការប្រតិបត្តិដោយវ័យឆ្លាត ប៉ុន្ដែនយោបាយឈ្នះឈ្នះ មគ្គុទេសក៍ឯកម្នាក់ឯង មិនអាចធ្វើបាននោះឡើយ បើសិនគ្មានការចូលរួមពីប្រតិបត្តិការ ដើម្បីធានដល់និរន្ដរ៍ភាពនៃនយោបាយបញ្ចប់សង្គ្រាមមួយនេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ពិតណាស់ សម្ដេចតេជោ ជាស្ថាបនិកមគ្គុទេសក៍ឯកក្នុងការដាក់ចេញនូវយុទ្ធសាស្ដ្រនយោបាយឈ្នះឈ្នះ និងដឹកនាំការប្រតិបត្តិដោយវ័យឆ្លាត ប៉ុន្ដែនយោបាយឈ្នះឈ្នះ មគ្គុទេសឯកម្នាក់ឯងមិនអាចធ្វើបាននោះទេ បើគ្មានប្រតិបត្តិករចូលរួមដោយស្មោះត្រង់។ ប្រតិបត្តិករស្នួល ថ្នាក់ដឹកនាំ ដែលមានវត្តមានជាច្រើននៅលើវេទិកានេះ ហើយចូលរួមនៅទីនេះ គឺជាតួអង្គសំខាន់ ក្នុងការចូលរួមដ៏ស្មោះត្រង់ បើសិនជាគ្មានការចូលរួមដ៏ស្មោះត្រង់យើងមិនអាចបញ្ចប់សង្គ្រាម និងធានាបាននូវនិរន្ដរភាពបានទេ»

សម្ដេចធិបតី ហ៊ុន ម៉ាណែត, សង្គ្រាមងាយនឹងកើតមានឡើងណាស់ ដោយមិនចាំបាច់មនុស្សច្រើនរាប់ពាន់ ឬរាប់ម៉ឺននាក់នោះទេ ពោលមានតែមួយក្រុមបង្កើតជាតំបន់ផ្ដាច់ខ្លួន ច្បាស់ណាស់សង្គ្រាមនឹង កើតឡើងភ្លាម ប៉ុន្ដែផ្ទុយទៅវិញ ការពន្លត់ភ្លើងសង្គ្រាម គឺត្រូវតែមានការចូលរួមពីគ្រប់ភាគីទាំងអស់តាំងពីមេបញ្ជាការ រហូតដល់កូនទាហាន។ សម្រាប់ផលដែលទទួលបានពីការបិទបញ្ចប់សង្គ្រាម តាមរយៈនយោបាយឈ្នះឈ្នះ គឺទទួលបានទាំងអស់គ្នា ទាំងអ្នកដែលរិះគន់ អ្នកដែលមិនទុកចិត្ត អ្នកដែលមិនជឿទៅលើនយោបាយឈ្នះឈ្នះ និងសង្ស័យ ប៉ុន្ដែអ្នកទាំងនោះកំពុងតែបានផលពីសន្ដិភាព និងការរីកចម្រើនដោយនយោបាយឈ្នះឈ្នះ។ នេះបើតាមការគូសបញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ការសាងសង់វិមានឈ្នះឈ្នះ ធ្វើឡើងដើម្បីជានិមិត្តរូបសម្រាប់ខ្មែរទាំងអស់គ្នា និងជានិមិត្តរូបនៃសន្ដិភាព ព្រោះខ្មែរគ្រប់រូបគឺប្រាថ្នាសុខ សន្ដិភាព គ្មានអ្នកណាម្នាក់ ដែលមិនចង់បានសន្ដិភាពនោះទេ។ ការសាងសង់នេះ ក៏ជាការអបអរសាទរនូវសមិទ្ធផលដែលខ្មែរគ្រប់រូបរួមគ្នាសម្រេចបានរួមគ្នា ក៏ដូចជាការរំលឹកអំពីប្រវត្តិសាស្ដ្រ ដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយចង់ចាំ អំពីតម្លៃនៃសន្ដិភាព៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds