រយៈពេល៤ខែ ក្រសួងការងារ បានអនុវត្តអនុសាសន៍របស់នាយករដ្ឋមន្ត្រីទាំង៦ចំណុច

រយៈពេល៤ខែនៃការចូលកាន់តំណែងជារដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនីតិកាលទី៧នេះ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំក្រសួងការងារ អនុវត្តអនុសាសន៍ទាំង៦ចំណុចរបស់នាយករដ្ឋមន្ត្រីកាលពីថ្ងៃទី២៩ ខែសីហា ដើមអាណត្តិដើម្បីអនុវត្តឱ្យបាននៅឆ្នាំ២០២៣នេះ។

លោក កត្តា អ៊ន មន្រ្តីនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអោយដឹងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នេះ ថា អនុសាសន៍របស់នាយករដ្ឋមន្ត្រីទាំង៦ចំណុចគ្រប់ជ្រុងជ្រោយរួមមាន ទី១. ការកំណត់ប្រាក់ឈ្នួលអប្បរមាសម្រាប់កម្មករនិយោជិតឆ្នាំ២០២៤ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកញ្ញាចំនួន២០២ដុល្លារតាមរយៈយន្តការការចរចាត្រីភាគីរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមា និង សមហតេចធិបតីបន្ថែម២ដុល្លាទៀត ធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាមានចំនួន២០៤ដុល្លាសម្រាប់ឆ្នាំ២០២៤។ ត្រង់ចំណុចនេះ សម្តេចនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ត្រូវសម្រេចឱ្យបាននូវមុនពិធីបុណ្យភ្ជុំបិណ្ឌនៅថ្ងៃទី១៣ ខែតុលា។

ទី២ ដែលសម្រេចបានគឺ ការរៀបចំដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិកប.ស.ស.។ កិច្ចការដ៏សំខាន់នេះ ត្រូវបានសម្តេចនាយករដ្ឋមន្ត្រីមន្ត្រីប្រកាសកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយបើគិតពីពេលនោះ មកដល់ត្រឹមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ មានក្រុមគោលដៅចំនួន១០២ ៦០៤នាក់ បានចុះបញ្ជី និងបានទៅប្រើប្រាស់សេវាចំនួន ចំនួន ៤៦ ៩១២ដង។

ទី៣ ដែលសម្រេចគួរឱ្យកត់សម្គាល់មួយទៀត គឺ ការដាក់ឱ្យដំណើរការកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។ កិច្ចការនេះ ក៏ត្រូវបានប្រកាសដោយសម្តេចនាយករដ្ឋមន្ត្រី ប្រកាសកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ផងដែរ។ ហើយបច្ចុប្បន្ននេះ មានក្រុមគោលដៅប្រមាណជិត២ម៉ឺននាក់ បានចុះឈ្មោះចូលរៀនរួចរាល់ហើយ។

ទី៤ ក្រសួងបានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសមាគមនិយោជក ចំនួន ១៧រួចរាល់ដើម្បីបើកផ្លូវឱ្យមានកិច្ចសហប្រតិបត្តិការលើការហាត់ការ និងកម្មសិក្សាដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។

ទី៥ ក្រសួងបានអនុវត្តការងារការឧបត្ថមសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ តាំងពីខែសីហារហូតមក។ បើគិតចាប់តាំងពីខែសីហារហូតដល់ថ្ងៃទី២០ ខែវិច្ឆិកានេះ រដ្ឋាភិបាលបានចំណាយថវិកាប្រមាណជាង៦លានដុល្លារអាមេរិកសម្រាប់កម្មការិនី មន្ត្រីរាជការ មន្ត្រិកិច្ចសន្យាជាស្ត្រីទៅពិនិត្យសុខភាព មុន ក្រោយសម្រាល ពេលសម្រាល និងចាក់វ៉ាកសាំងជិត៦ម៉ឺននាក់។ នេះបើតាមប្រសាសន៍របស់លោករដ្ឋមន្ត្រីកាលពីថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០២៣កន្លងទៅ។

ទី៦ ស្តីពីសហគ្រាសមួយ គឺសហគមន៍សុខសាន្តមួយ ក្រសួងការងារ បានដាក់ចេញយន្តការពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ច មន្ត្រីផ្សះផ្សារវិវាទការងារ និងការពង្រឹងវិសាលភាពក្រុមប្រឹក្សាអាជ្ញាកណ្តាលដែលជាយន្តការត្រីភាគី។ មិនត្រឹមតែប៉ុណ្ណោះ ក្រសួង នឹងដាក់ចេញនូវយុទ្ធនាការប្រឡងប្រណាំងយកពាន “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ចាប់ពីឆ្នាំ២០២៤នេះតទៅ។ ក្រៅពីសម្រេចអនុសាសន៍ទាំង៦នោះ អនុសាសន៍ចំនួន៤ចំណុចផ្សេងទៀត ក៏ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ពីវឌ្ឍនភាពចំនួន៤ចំណុចផ្សេងទៀតដែលក្រសួងបានសម្រេចផងដែរ៕អាចជារូបភាពនៃ 2 នាក់, ជើងតម្កល់ និង អត្ថបទអាចជារូបភាពនៃ 1​ នាក់, ផ្លែមៀន និង អត្ថបទអាចជារូបភាពនៃ 2 នាក់ និង អត្ថបទ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds