សម្ដេច ហ៊ុន ម៉ាណែត ៖ ផ្ដើមចេញពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-ជប៉ុននេះ បានជាសមិទ្ធផលសំខាន់ៗជាច្រើនត្រូវបានកសាងឡើង

(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាធិបតីភាពរួមគ្នាជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ផ្ដើមចេញពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-ជប៉ុននេះ បានជាសមិទ្ធផលសំខាន់ៗជាច្រើនត្រូវបានកសាងឡើង ដែលជាការរួមចំណែករបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុនមកកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអោយដឹងថា «ថ្ងៃមុនខ្ញុំចូលទៅគាល់ព្រះចៅអធិរាជជប៉ុន នៅទីក្រុងតូក្យូ ព្រះរាជបិតា និងព្រះមហេសីរបស់ជប៉ុន ពីដើមជាអ្នកកាទូតម្នាក់ដែលមានតួនាទីជួយសម្របសម្រួល នៃកិច្ចចរចាសន្ដិភាពដែរ។ លោកបានមានបន្ទូលជាមួយខ្ញុំផ្ទាល់ ក្រៅពីការងារកាទូតលោកមានបន្ទូលថា ខ្ញុំសូមនិយាយផ្ទាល់ខ្លួនមួយ ខ្ញុំមានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយកម្ពុជា ដោយសារឪពុករបស់ខ្ញុំធ្លាប់ដើរតួនាទីក្នុងការសម្របសម្រួលនេះ អ៊ឹចឹងតាំងពីរាជវង្ស រហូតដល់ប្រជាជនជប៉ុន គឺមានទំនាក់ទំនងជាមួយកម្ពុជា»

ដោយឡែកបញ្ហាទឹកសំណល់កខ្វក់ដែលបានកើតឡើងនៅក្នុងរាជធានីភ្នំពេញ បាន​​កើន​ឡើងយ៉ាងឆាប់រហ័សដោយសារកំណើនប្រជាជនក៏ដូចជាហេដ្ឋា​រចនា​សម្ព័ន្ធសំណង់អគារផ្សេងៗ។ ទឹកសំណល់កខ្វក់ក្នុងរាជធានី​ភ្នំពេញ​ ត្រូវ​បានហូរកាត់អាងបង្គន់តាមផ្ទះរបស់គ្រួសារនីមួយៗ និងសំណង់អគារ​អាជី​វកម្ម។ សារធាតុរាវក្នុងអាងបង្គន់ដែលអណ្ដែត​ខាងលើ ត្រូវ​បាន​បង្ហូរ​ចូលបឹងបួរតាមរយៈបណ្តាញលូ និងប្រឡាយហើយត្រូវបានបន្សុទ្ធតាមបែប​ធម្មជាតិ ប៉ុន្តែនៅក្នុងកម្រិតមួយ។

ដោយសារតែមើលឃើញភាពខ្វះខាតក្នុងការថែទាំអាងបង្គន់​មិន​​បានគ្រប់គ្រាន់ និងការចុះថយនៃមុខងារបន្សុទ្ធទឹកតាមបែប​ធម្មជាតិ​ពុំអាចគ្រប់គ្រងបានហ្មត់ចត់​លើការចាក់រានដី និងការអភិវឌ្ឍន៍ ជាពិសេសផ្ទៃបឹងជើងឯកដែលជាតំបន់​ស្ថិតនៅ​ក្នុង​គម្រោងសិក្សាត្រៀមនេះមានការថយចុះយ៉ាង​ខ្លាំង ជាពិសេសចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១៥ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន និង​ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅជុំវិញបឹង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ​ជប៉ុន ហៅកាត់ថា JICA បានសិក្សាលើគម្រោងកែលម្អប្រព័ន្ធលូ​ទឹក​ភ្លៀង និងទឹកកខ្វក់រាជធានីភ្នំពេញ ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៦ ដើម្បី​ឆ្លើយ​តបទៅនឹងសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។

យោងតាមសេចក្តីប្រកាសរបស់ លោកស្រី MIYAHARA Ai តំណាងខ្ពង់ខ្ពស់នៃការិយាល័យ JICA Cambodia បានអោយដឹងថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ដែលទើបនឹងសាងសង់ថ្មីនេះ ទទួលបានការគាំទ្រហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន ក្រោមគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់នៅរាជធានីភ្នំពេញ ដោយមានចំនួនទឹកប្រាក់ ២,៧៧២ លានយ៉េនជប៉ុន ឬប្រមាណ២៤លានដុល្លា។ ស្ថានីយប្រព្រឹត្តកម្មនេះ មានសមត្ថភាពបន្សុទ្ធទឹកកខ្វក់៥០០០ម៉ែត្រគូបក្នុងមួយថ្ងៃ នៅក្នុងទីក្រុងមុននឹងបង្ហូរចូលទៅក្នុងទន្លេ។

ការបញ្ចប់គម្រោងនេះ គឺជានិមិត្តរូបនៃកិច្ចខិតខំប្រឹងប្រែងសហការគ្នារវាងជប៉ុន និងកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមបរិស្ថាន និងបង្កើនគុណភាពជីវិត ដោយរួមបញ្ចូលបច្ចេកវិទ្យាទំនើបរបស់ជប៉ុន(Pre-Trickling Filter, PTF) ដើម្បីធ្វើប្រព្រឹត្តកម្ម និងគ្រប់គ្រងទឹកកខ្វក់ប្រកបដោយប្រសិទ្ធភាព ធានាការពារបរិស្ថាន និងសុខភាពសាធារណៈ។

សូមបញ្ជាក់ផងដែរថា ទំនាក់ទំនងផ្នែកសេដ្ឋកិច្ចរវាងកម្ពុជា-ជប៉ុន មានចំនួន១.៦ពាន់លានយ៉េន កាលពីឆ្នាំ១៩៨១ បច្ចុប្បន្ននេះ បានកើនឡើងរហូតដល់ ជាង២០០ដង នៅឆ្នាំ២០២២។ សម្រាប់ក្រុមជប៉ុន នៅកម្ពុជា ក៏មានការកើនឡើងខ្ពស់ផងដែរ ហើយក្រុមហ៊ុនជប៉ុន បានចូលរួមយ៉ាងសំខាន់ក្នុងការវិនិយោគនៅកម្ពុជា។

ខណៈថ្មីៗនេះមានក្រុមជប៉ុនធំៗមួយចំនួនបានបើកដំណើរនៅកម្ពុជា ហើយនៅឆ្នាំ២០២៣នេះ គឺមានគម្រោងវិនិយោគខ្នាតធំជាច្រើនត្រូវបានដាក់ចេញ រួមទាំងការដាក់ឲ្យដំណើរការផ្សារទំនើប អ៉ីអន៣ ការផ្លាស់ប្តូរទេសចរណ៍រវាងគ្នាទៅវិញទៅមក ការបញ្ជូននិស្សិតឲ្យចេញទៅសិក្សានៅប្រទេសជប៉ុន៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds