នាយករដ្ឋមន្ត្រីកម្ពុជា ប្រតិកម្មសារព័ត៌មានឌឹខេមបូឌាដេលី ដែល​​ប្រឌិតព័ត៌មានមិនពិត

ភ្នំពេញ៖ បន្ទាប់ពីសារព័ត៌មានឌឹខេមបូឌាដេលី បានប្រឌិតព័ត៌មានមិនពិតថា បានប្រភពពីមន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចកម្ពុជាថា រាជរដ្ឋាភិបាល ខ្ចីលុយចិនចំនួន ៥ ពាន់លានដុល្លារ ដើម្បីសាងសង់ព្រែកជីក និងដោះស្រាយវិបត្តិសេដ្ឋកិច្ចកម្ពុជា នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៣ បានថ្លែងប្រតិកម្មចំពោះកាសរផ្សាយរបស់ក្រុមប្រឆាំងមួយក្រុមនៅក្រៅប្រទេស។

សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា នេះជាការប្រឌិតទាំងស្រុង ដើម្បីវាយប្រហារ​មក​លើរាជ​រដ្ឋាភិបាលកម្ពុជា ខណៈ​គ​ម្រោ​​ងនេះ គេដឹងឭគ្រប់គ្នាហើយថា ជាគម្រោង BOT បានន័យថា សាងសង់ ធ្វើអាជីវកម្ម ហើយផ្ទេរ។ ក្រុមហ៊ុនដែលសុំសិទ្ធិវិនិយោគ ទទួលខុសត្រូវខ្ចីថវិកាមក ក្នុងការចំណាយ​សាងសង់ ខណៈរដ្ឋាភិបាលអនុញ្ញាត​ឱ្យប្រតិបត្តិការអាជីវកម្ម លុះដល់ពេល​ចប់កុងត្រា រដ្ឋាភិបាលអាចមានសិទ្ធិ​យកមកគ្រងវិញបាន ឬត្រូវបន្ត។

សម្ដេច ហ៊ុន ម៉ាណែត ថា «វាត្រង់តែឆ្ងាញ់ តាមប្រភពមន្ត្រីជាន់ខ្ពស់​ដែលសុំមិនបញ្ចេញមុខ អាហ្នឹងគេប្រើចិត្តសាស្ត្រ បងប្អូនអ្ហា ចិត្តសាស្ត្រមនុស្សយើង បើសិនគេនិយាយប្រាប់ក្ដោងៗ មិនសូវជឿទេ តែអាខ្សឹបហ្នឹងជឿណាស់ ហើយបើខ្សឹបថា កុំប្រាប់គេ គឺថាលាក់ការណ៍ ដឹងកាបុតក អាហ្នឹងគឺថាកាន់តែជឿទៀត»។

សម្ដេចធិបតីបន្ថែមទាំងមិនជឿថា មានមន្ត្រីជាន់ខ្ពស់នៅក្រសួងសេដ្ឋកិច្ច ល្ងង់ដល់ថ្នាក់មិនស្គាល់ភាពខុសគ្នា រវាងឥណទាន និងគម្រោង BOT។ «ខ្ញុំមិនជឿថាមន្ត្រីជាន់ខ្ពស់យើងល្ង់ដល់ថ្នាក់ហ្នឹង» ។

សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់ថា ពេលដែលបង្កើតព្រែក នឹងផ្ដល់ផលប្រយោជន៍ច្រើន សម្រាប់ការតភ្ជាប់ដឹកទំនិញ ដើម្បីបង្កើនសេដ្ឋកិច្ចកម្ពុជា។ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ គឺជា​គម្រោង​ប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវ​ទឹករបស់កម្ពុជា ដើម្បីតភ្ជាប់​ប្រព័ន្ធ​ទន្លេមេគង្គនិងផ្លូវសមុទ្រ។

គម្រោងនេះ ធ្វើឡើងដើម្បីពង្រីកវិសាលភាព​នៃការ​ប្រើប្រាស់សក្តានុពលលើការដឹកជញ្ជូនតាមផ្លូវទឹក សំដៅចូលរួមលើកកម្ព​ស់​​សកម្ម​ភាពសេដ្ឋកិច្ច​-សង្គមឱ្យកាន់​តែមានការរីកចម្រើនឈានទៅមុខមួយកម្រិតថែមទៀត និងផ្តល់ជាដំណោះស្រាយសមស្របលើបញ្ហាប្រឈម​និងឧបសគ្គនានានៃវិស័យដឹកជញ្ជូនតាមផ្លូវទឹកដែលយើងបាននិងកំពុងជួបប្រទះនាពេលបច្ចុប្បន្ន៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds