រដ្ឋមន្ត្រីបរិស្ថាន លើកទឹកចិត្តឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តត្បូងឃ្មុំ រក្សានូវភាពស្អាត ឱ្យស្របនឹងយុទ្ធសាស្ត្រចក្រា វិស័យបរិស្ថាន
(ខេត្តត្បូងឃ្មុំ)៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានជំរុញលើកទឹកចិត្តឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តត្បូងឃ្មុំ រក្សានូវភាពស្អាត ឱ្យស្របនឹងយុទ្ធសាស្ត្រចក្រា វិស័យបរិស្ថាន គឺស្អាត បៃតង និងចីរភាព សម្រេចឱ្យបាននូវអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ខាងមុខ។
ថ្លែងក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបន្ថែមថា លើសពីភាពស្អាត ការដាំ និងស្តារព្រៃឈើ ដើម្បីភាពបៃតង នឹងរក្សាបាននូវអព្យាក្រឹតកាបូន ដែលជាចំណែកនៃការរកប្រាក់ចំណូលបន្ថែមរបស់ប្រជាសហគមន៍ នឹងជួយឱ្យមានការអភិវឌ្ឍដោយចីរភាព។
លោកបណ្ឌិត អ៊ាង សុផល្លែត ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរដែនដី មន្ទីរ-អង្គភាព មន្ត្រីរាជការ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបន្តថែរក្សាការពារនូវស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម ស្របតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេញ ដើម្បីបង្ការទប់ស្កាត់ បង្ក្រាបទល្មើសនានាអោយខានតែបាន ជាពិសេសត្រូវបន្តពង្រឹង និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានតឹងរឹង ត្រូវបន្តអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេសល្បែងអនឡាញ និងបញ្ហាគ្រឿងញៀនខុសច្បាប់ឲ្យបានម៉ឺងម៉ាត់ ហេីយព្រមទាំងបន្តខិតខំយកចិត្តទុកដាក់ផ្តល់សេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានលឿនទាន់ពេលវេលាប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល។
ជាចុងក្រោយ លោកបណ្ឌិត អ៊ាង សុផល្លែត បានធ្វើការប្រគល់ជូនមេដាយ ប័ណ្ណសរសើរជាការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរ-អង្គភាព រដ្ឋបាលក្រុង ស្រុក នានា ដែលខិតខំយកចិត្តទុកដាក់បំពេញការងារ ទទួលបានស្នាដៃលទ្ធផលការងារបានយ៉ាងប្រសើរ រយៈពេលពេញ១ឆ្នាំកន្លងទៅ៕