សម្តេចនាយកដ្ឋន្រ្តី ប្រភពទិន្នន័យមានសារសំខាន់ណាស់ វាជាផែនទីត្រីវិស័យ​ជួយឱ្យយើងសម្រេចចិត្តបានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ មិនសម្រេចចិត្តដោយប្រថុយប្រថាន

នៅក្នុងពិធីប្រកាសផ្សព្វផ្សាយ ​“របាយការណ៍ថ្នាក់ជាតិ ស្តីពី លទ្ធផលចុងក្រោយនៃជំរឿន សេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២” នាព្រឹកថ្ងៃទី ១២ ធ្នូនេះ សម្តេចនាយកដ្ឋន្រ្តី ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រភពទិន្នន័យមានសារសំខាន់ណាស់ វាជាផែនទីត្រីវិស័យ​ជួយឱ្យយើងសម្រេចចិត្តបានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ មិនសម្រេចចិត្តដោយប្រថុយប្រថាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអោយដឹងថា ផែនទី មានន័យថា ឱ្យយើងដឹងពីភូមិសាស្រ្តទាំងនៅលើដី និងភូមិសាស្រ្តនយោបាយ សេដ្ឋកិច្ច ធុរកិច្ច ​​ជាពិសេសស្ថានភាព​នៅជុំវិញខ្លួនយើង។ ដោយឡែក ត្រីវិស័យ ឱ្យយើងដឹងពីទីតាំងថា នៅចំណុចណានៅលើផែនទីភូមិសាស្រ្តនេះ។ ប្រសិនបើគ្មានទិន្នន័យ គឺងាយនឹងវង្វេងវង្វាន់ មិនអាចដឹងពីស្ថាន​ភាពនៅជុំវិញខ្លួន និងមិនអាចព្យាការណ៍ពីថ្ងៃខាងមុខបានទេ។

សម្តេចនាយករដ្ឋមន្រ្តី ក្រុមហ៊ុនជាច្រើននៅលើពិភពលោក បានវិនិយោគទៅលើប្រព័ន្ធទិន្នន័យ។ សម្តេច ហ៊ុន ម៉ាណែតសង្កត់ធ្ងន់ថា «ទិន្នន័យល្អ ទី១ ជួយឱ្យយើងសម្រេចចិត្តបានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ មិនសម្រេចចិត្តដោយប្រថុយប្រថាន, ទី២ ការព្យាករណ៍​សេណារីយ៉ូ ពីអនាគតថាតើមានការប្រែប្រួល​កម្រិតណា​…បើយើងមិនអាចព្យាករណ៍​បានថាតើស្ថាន​ភាពនឹងទៅ​ជាយ៉ាងណា  យើងនឹងដើរក្រោយសភាពការណ៍ មិនអាចបុរេសកម្មភាពបានទេ នឹងត្រូវប្រតិកម្ម តែប្រតិកម្មហើយ ច្រើនតែលុបលាងបញ្ហា សម្អាតបញ្ហា បានន័យថា គោរួចទៅហើយ​ទើបធ្វើក្រោល​តាមក្រោយ»

លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានលើកឡើងថា ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ត្រូវបានធ្វើឡើងគោល​បំណងចងក្រងស្ថិតិមូលដ្ឋានគ្រឹះ​ស្តីពី​អង្គ​ភាពសេដ្ឋកិច្ច និងបង្កើតបញ្ជីមេ​នៃអង្គភាពសេដ្ឋកិច្ចនៅកម្ពុជា ដែលផ្តល់​នូវព័ត៌មាន​សំខាន់ៗ​ស្តីពីស្ថានភាពនៃសកម្មភាព និងរចនាសម្ព័ន្ធសេដ្ឋកិច្ច ដល់អ្នករៀបចំគោលន​យោ​បាយ អ្នករៀបចំផែនការ អ្នកស្រាវជ្រាវ និងអ្នកពាក់ព័ន្ធដទៃទៀត។ បញ្ជីមេនៃអង្គភាព​សេដ្ឋ​កិច្ច​​ក៏ត្រូវ​បានប្រើប្រាស់​ជាបញ្ជីគោលនៃជំរឿនសេដ្ឋកិច្ច និងធ្វើជាបញ្ជីសំណាកគំរូ សម្រាប់​ជ្រើសរើសសំណាកគំរូនៃអង្កេត​ផ្សេងៗពាក់​ព័ន្ធនឹងក្រុមហ៊ុន សហគ្រាសអាជីវកម្ម សិប្បកម្ម ពាណិជ្ជកម្ម និងសេវាកម្ម លើកលែងតែអង្គភាព​សេដ្ឋកិច្ចក្នុងវិស័យកសិកម្ម៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds