ផ្អាកការងារបណ្តោះអាសន្ន ចំពោះមន្ត្រីនគរបាលជាតិចំនួន ១៥នាក់ នៃមន្ទីរប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ មន្ទីរប្រឆាំងគ្រឿងញៀន ចេញលិខិត បង្គាប់ការផ្អាកការងារបណ្តោះអាសន្ន ចំពោះមន្ត្រីនគរបាលជាតិចំនួន ១៥នាក់ នៃមន្ទីរប្រឆាំងគ្រឿងញៀន ដោយមូលហេតុ ល្មើសវិន័យកងកម្លាំងនគរបាលជាតិ ។ នេះបេីយោងតាមលិខិតបង្គាប់ការចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ដែលបណ្តាញសារព័ត៌មាន Fast News ទទួលបាននៅថ្ងៃទី២៣ ខែធ្នូនេះ​។

បើតាមលិខិតបង្គាប់ការ បានអោយដឹងថា មន្ត្រីនគរបាលជាតិទាំង ១៥នាក់ នៃមន្ទីរប្រឆាំងគ្រឿងញៀន​ ដែលផ្អាកការងារបណ្តោះអាសន្ន​ គឺមានតួនាទីនាយរងការិយាល័យ​ នាយផ្នែក​ នាយរងផ្នែក​ និងមន្ត្រី។

សូមជម្រាបថា​ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិលើមន្ត្រីដែលរកឃើញថាប្រព្រឹត្តល្មើសវិន័យនគរបាលជាតិ និងច្បាប់ជាតិ។ ក្នុងនីតិកាលកន្លងទៅ អតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ក៏បានអនុវត្តវិធានការនេះយ៉ាងសកម្ម និងតឹងរឹងផងដែរ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា តែងតែបញ្ជាក់ថា មន្ត្រីនគរបាលជាតិរូបណាក៏ដោយ នឹងត្រូវបណ្ដេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ប្រសិនបើរកឃើញថាជាប់ព័ន្ធនឹងគ្រឿងញៀន ទាំងការរក្សាទុក ប្រើប្រាស់ និងជួញដូរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds