សម្ដេចហ៊ុន ម៉ាណែតបញ្ជាឱ្យសមត្ថកិច្ចដុតដៃដុតជើងទប់ស្កាត់បទល្មើសព្រៃឈើទ្រង់ទ្រាយធំ
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានដាក់ចេញបទបញ្ជាដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ឱ្យរួមគ្នាប្រយុទ្ធទប់ស្កាត់ទៅនឹងបទល្មើសព្រៃឈើទ្រង់ទ្រាយធំឱ្យមានប្រសិទ្ធភាព។ សម្ដេចបានបញ្ជាឱ្យអនុវត្តច្បាប់តឹងរ៉ឹងបំផុតចំពោះអ្នកប្រព្រឹត្តបទល្មើស។ ការដាក់ចេញបទបញ្ជាបែបនេះពីសំណាក់ប្រមុខរាជរដ្ខាភិបាល ធ្វើឡើងក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤” នៅទីស្តីការក្រសួងបរិស្ថាននាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវចាប់ដៃគ្នាក្នុងការយកចិត្តទុកដាក់លើការបង្រ្កាបបទល្មើសធនធានធម្មជាតិ និងខិតខំការពារតំបន់ព្រៃលិចទឹកបន្ថែមទៀត។ សម្ដេចនាយករដ្ឋមន្រ្តីណែនាំដល់សមត្ថកិច្ច ត្រូវចាត់វិធានការឱ្យបានទាន់ពេលវេលា កុំចាំបាច់ទាល់តែមានការប្រតិកម្មនៅលើបណ្ដាញសង្គមទើបនាំគ្នាធ្វើនោះ។
លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ធ្លាប់បានលើកឡើងកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ថា បទល្មើសកាប់បំផ្លាញព្រៃឈើនៅតែបន្តកើតឡើង គឺដោយសារមន្ត្រីនៅតាមមូលដ្ឋានអសកម្ម។ លោកថា រឿងបទល្មើសព្រៃឈើដោយសារខ្មោចស្រុក និងខ្មោចព្រៃត្រូវគ្នា ហើយបើងាកទៅមន្ត្រីជំនាញវិញ គឺផ្ដេកផ្សំផ្ដួល រមួលផ្សំគ្រេចតែម្ដង។
បទល្មើសកាប់បំផ្លាញព្រៃឈើហាក់នៅតែជាប្រធានបទក្ដៅ និងមានការចាប់អារម្មណ៍ពីអ្នកការពារ និងស្រឡាញ់ធម្មជាតិ ដោយសារបទល្មើសព្រៃឈើបន្តកើតមាន ទោះបីសមត្ថកិច្ចមានចំណាត់ការចុះបង្ក្រាបជាបន្តបន្ទាប់ក៏ដោយ។ កន្លងទៅអង្គការសង្គមស៊ីវិលដែលធ្វើការងារពាក់ព័ន្ធព្រៃឈើតែងតែអំពាវនាវជារឿយៗដល់រដ្ឋាភិបាល ជាពិសេសអាជ្ញាធរមានសមត្ថកិច្ចឱ្យដាក់ចេញវិធានការមានប្រសិទ្ធភាពក្នុងការបង្ក្រាបចំពោះបទល្មើសកាប់បំផ្លាញព្រៃឈើដែលជាសម្បត្តិធម្មជាតិនេះ៕