ឈឿង ល្វៃចង់ឈ្នះសន្លប់លើជើងខ្លាំងប្រេស៊ីលបេនតូក្នុងជំនួបដណ្ដើមខ្សែក្រវាត់IPCCស្អែកនេះ

អ្នកប្រដាល់គុនខ្មែរពូកែលេងផ្លែកែង ឈឿង ល្វៃ បានបង្ហាញអារម្មណ៍ថា ខ្លួនចង់យកឈ្នះលើគូប្រកួតសញ្ជាតិប្រេស៊ីល គឺកីឡាករបេនតូ នៅក្នុងការប្រកួតដណ្ដើមខ្សែក្រវាត់ IPCC Ganzberg Kun Khmer World Championshipលើសង្វៀន GANZBERG KUN KHMER នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។

អ្នកប្រយុទ្ធគុនខ្មែរដែលកំពុងឡើងសមត្ថភាពរូបនេះ បាននិយាយថា ខ្លួនមិនហ៊ានអះអាងថា អាចផ្ដួលកីឡាករបេនតូ ឬក៏យ៉ាងណានោះទេ តែគ្រាន់តែបញ្ជាក់ច្បាស់ៗថា ខ្លួនមិនចង់ឈ្នះដោយពិន្ទុនោះទេ ពោលគឺចង់ឈ្នះសន្លប់តែម្ដង ដើម្បីងាយស្រួលជាងកាត់សេចក្ដីតាមការដាក់ពិន្ទុពីចៅក្រម។

ជាមួយគ្នា ឈឿង ល្វៃ បានរៀបរាប់ថា ជំនួបនៅថ្ងៃស្អែកជាមួយកីឡាករប្រេស៊ីលបេនតូ ខ្លួនអាចស្មានថា នឹងមានភាពតានតឹងបន្តិច ព្រោះកីឡាករបេនតូជាកីឡាករដែលល្អម្នាក់។ ជាពិសេស បេនតូធ្លាប់ប៉ះជាមួយអ្នកលេងកែងពូថៅ ធឿន ធារ៉ា​ ថែមទៀត។ ឈឿង ល្វៃ ថាខ្លួនអាចនឹងផ្ដួលដៃគូជាជើងខ្លាំងប្រេស៊ីលដោយកែងដ៏មុតស្រួចរបស់ខ្លួន។

គួរបញ្ជាក់ថា ការប្រកួត GANZBERG KUN KHMER ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ស្អែក នឹងចាប់ផ្ដើមពីវេលាម៉ោង៨យប់តទៅ។ ការប្រកួតនឹងធ្វើឡើង៧គូ រួមមាន៖ គូប្រកួតមិត្តភាពអន្តរជាតិចំនួន៥គូ និងគូប្រកួតដណ្ដើមខ្សែក្រវាត់ចំនួន ៣គូ ដោយកម្មវិធីប្រដាល់នេះជាការសហការរវាងក្រុមហ៊ុន GANZBERG ចាប់ដៃគ្នាជាមួយស្ថានីយ៍ទូរទស្សន៍ TOWN៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds