ប្រើពាក្យសម្ដីមិនសមរម្យជាមួយពលរដ្ឋ មន្ត្រីចរាចរណ៍ជាប់កិច្ចសន្យាម្នាក់ត្រូវហៅទៅអប់រំណែនាំ
ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោះហៅមន្ត្រីចរាចរណ៍ជាប់កិច្ចសន្យាម្នាក់ដែលឈរជើងនៅគោលដៅខាំកូស៊ីធី ក្នុងភូមិសាស្រ្តខណ្ឌទួលគោក រាជធានីភ្នំពេញ មកសាកសួរ និងធ្វើការអប់រំណែនាំ បញ្ឈប់ការប្រើប្រាស់ ពាក្យសម្ដី កាយវិការមិនសមរម្យជាមួយប្រជាពលរដ្ឋបន្តទៀត។ នេះបើយោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ការអប់រំណែនាំមន្ត្រីចរាចរណ៍ជាប់កិច្ចសន្យារូបនេះ បន្ទាប់ពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃើញការផ្សព្វផ្សាយនៅបណ្តាញសង្គមទាក់ទងការបង្ហោះវីដេអូមានមន្ត្រីនគរបាលស្លៀកពាក់ស៊ីវិលចាំបោះដៃឱ្យ នៅស្តុបខាំកូស៊ីធី។ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើស្រាវជ្រាវករណីនេះ និងបានរកឃើញថា មិនមែនជាមន្ត្រីនគរបាលចរាចរណ៍នោះទេ គឺជាមន្ត្រីជាប់កិច្ចសន្យា ដែលឈរជើងនៅគោលដៅខាំកូស៊ីធី នៅពេលមន្រ្តីជាប់កិច្ចសន្យារូបនេះ សម្រាកពីការសម្រួលចរាចរណ៍ និងដោះស្រាយចរាចរណ៍ មានការហត់នឿយក៏ទៅទិញទឹកអំពៅញាំ ហើយបានជួបជាមួយអ្នកបើកបរម៉ូតូ២នាក់(ស្រីប្រុស)។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អះអាងថា អ្នកបើកបរម៉ូតូទាំងពីរនាក់ បានថតរូបមន្រ្តីជាប់កិច្ចសន្យានេះ ទាំងដែលមន្រ្តីដដែលគ្មានវិទ្យុទាក់ទង(អាយឌី)ក្នុងដៃ ដែលអាចបោះដៃឱ្យមន្ត្រីនគរបាលចរាចរណ៍ហៅឃាត់យានយន្តឡើយ។ ពេលនោះ មន្រ្តីចរាចរណ៍ជាប់កិច្ចសន្យាដដែល បានសួរនាំទៅអ្នកបើកបរម៉ូតូថា ហេតុអីបានជាថតខ្លួន តែខាងភាគីអ្នកបើកបរម៉ូតូឆ្លើយថា៖ “ថតលោកឯងអត់បានមែន រួចក៏មានការប៉ះពាក្យសម្តីនឹងគ្នាតែម្ដង៕