អ្នកមិនទាន់បង់ពន្ធត្រៀម!ពន្ធដារនិងសមត្ថកិច្ចនឹងចុះត្រួតពិនិត្យការប្រកាសបង់ពន្ធផ្លូវចាប់ពីថ្ងៃទី១៥មករាឆ្នាំ២០២៤
ក្រុមការងារចម្រុះរាជធានី–ខេត្តដឹកនាំដោយមន្រ្តីពន្ធដារ រួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមនឹងចុះត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនប្រចាំឆ្នាំ២០២៣ នៅតាមគោលដៅមួយចំនួនលើកំណាត់ផ្លូវសំខាន់ៗ នៃរាជធានី–ខេត្តទាំង២៥ទូទាំងប្រទេស ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។ នេះបើតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ ចេញនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។
អគ្គនាយកដ្ឋានពន្ធដារ បានអំពាវនាវដល់ម្ចាស់យានយន្តដែលខកខានមិនបានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនប្រចាំឆ្នាំ២០២៣ សូមរួសរាន់ទៅប្រកាសបង់ពន្ធ និងបង់ពន្ធបន្ថែមចំពោះការយឺតយ៉ាវក្នុងការប្រកាសបង់ពន្ធតាមច្បាប់ជាធរមាន នៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅតាមសាខាពន្ធដារខេត្ត–ខណ្ឌ ឬនៅធនាគារដូចជា៖ ធនាគារកាណាឌីយ៉ា ធនាគារអេស៊ីលីដា ភីអិលស៊ី ធនាគារវឌ្ឍនៈ និងធនាគារមួយចំនួនទៀត។ ក្រៅពីនេះ ម្ចាស់យានយន្តអាចបង់តាមរយៈកម្មវិធី GDT Raxpayer App តាមទូរស័ព្ទសម្រាប់យានយន្តដែលធ្លាប់បានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនកន្លងមក។
កន្លងទៅ អគ្គនាយកដ្ឋានពន្ធដារបានប្រកាសក្រើនរម្លឹកដល់ម្ចាស់យានយន្តឱ្យប្រញាប់ទៅប្រកាសបង់ពន្ធ ដោយសារសង្កេតឃើញថា នៅតែមានម្ចាស់យានយន្តមួយចំនួនមិនទាន់បានបង់ពន្ធនៅឡើយទេ។ ចំពោះម្ចាស់យានយន្តដែលមិនទាន់បានទៅបង់ពន្ធ អគ្គនាយកដ្ឋានពន្ធដារបានណែនាំឱ្យភ្ជាប់ទៅជាមួយនូវអត្តសញ្ញាណបណ្ណ បណ្ណសម្គាល់យានយន្ត និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដែលចេញដោយក្រសួងសាធារណការនិងដឹកជញ្ជូននៅសាខាពន្ធដារខេត្ត ឬខណ្ឌ ឬនៅធនាគារដែលជាដៃគូសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
អគ្គនាយកដ្ឋានពន្ធដារ គូសបញ្ជាក់ថា ក្នុងករណីម្ចាស់យានយន្តមិនបានបង់ពន្ធទាន់ពេលវេលាកំណត់ នឹងត្រូវទទួលរងនូវការអនុវត្តលើពន្ធបន្ថែមចំពោះការយឺតយ៉ាវតាមច្បាប់ស្ដីពីសារពើពន្ធជាធរមាន។ នេះបើតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៣ ធ្វើឡើងរយៈពេល៦ខែ រាប់ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣៕