រដ្ឋមន្ត្រីបរិស្ថាន ៖ មេផ្ទះល្អ ធ្វើឱ្យគ្រួសារមានសុភមង្គល និងជួយឱ្យសង្គមជាតិមានការរីកចម្រើន
ភ្នំពេញ៖ នៅក្នុងជំនួបជាមួយអង្គភាពក្រោមឱវាទក្រសួងបរិស្ថាន នាថ្ងៃទី១៨ ធ្នូ ឆ្នាំ២០២៣នេះ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា មេផ្ទះល្អ ធ្វើឱ្យគ្រួសារមានសុភមង្គល និងជួយឱ្យសង្គមជាតិមានការរីកចម្រើន។ ការថ្លែងឡើងក្នុងន័យប្រៀបធៀបយ៉ាងដូច្នេះ គឺដើម្បីជំរុញទឹកចិត្តដល់មន្រ្តីរាជការ ជាពិសេសអគ្គាធិការដ្ឋាន ដែលជាសេនាធិការរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថានឱ្យអនុវត្តតួនាទី ភារកិច្ច និងមុខងាររបស់ខ្លួនបានអោយបានល្អប្រសើរ និងទទួលបានលទ្ធផលជាវិជ្ជមាន តាមផែនការដែលមានយុទ្ធសាស្រ្តចក្រាជាផែនទីចង្អុលបង្ហាញផ្លូវស្របតាមយុទ្ធសាស្រ្តបញ្ចកោណក្នុងដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ។
ជាមួយឃ្លាប្រៀបធៀប ដែលថាមេផ្ទះល្អ គឺបានសំដៅទៅដល់ការងាររដ្ឋបាលរបស់ក្រសួងបរិស្ថាន ដែលក្នុងនោះអគាធិការដ្ឋាន ជាភ្នែកជាច្រមុះក្នុងការតាមដាន និងត្រួតពិនិត្យដោយតម្លាភាព និងធ្វើរបាយការណ៍ជូនរដ្ឋមន្រ្តីក្រសួងបរិស្ថាន ។ ការផ្តល់យោបល់ និងតម្រង់ទិស នាកិច្ចប្រជុំស្ដីពីផែនការសកម្មភាពចុះត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងមុខងាររបស់ការិយាល័យចំណុះអង្គភាពក្រោមឱវាទក្រសួងបរិស្ថាន និងការិយាល័យចំណុះមន្ទីរបរិស្ថានរាជធានី-ខេត្តនេះ ឯកឧត្តមរដ្ឋមន្រ្តីថ្លែងថា បើមិនមានមេផ្ទះល្អ ឬរដ្ឋបាលដែលមានភាពច្បាស់លាស់នោះទេ សុក្រឹតកម្មបរិស្ថានកិច្ចការទាំងឡាយក៏មិនអាចសម្រេចជោគជ័យបានដែរ។
ចំពោះភាពជោគជ័យរបស់យើងគឺបានមកពីភាពស្អាត ដែលភាពស្អាតរបស់យើងទទួលបានការគាំទ្រ និងអនុវត្តយ៉ាងសកម្មពីសិស្សានុសិស្ស និងប្រជាពលរដ្ឋជិត៤លាននាក់នៅទូទាំងប្រទេស ដែលជាសមិទ្ធផលពេញដោយសាមគ្គីភាពផុសចេញពីបេះដូងខ្មែរ ។
សូមរម្លឹកជូនថា ប្រសិនជាមេផ្ទះមិនដឹង ឬមិនចេះចាត់ចែងប្រាក់កាសរបស់គ្រួសារឱ្យបានល្អ និងមិនរៀបចំផ្ទះសម្បែងឱ្យបានស្អាតបាតទេ គ្រួសារនោះនឹងមិនមានសុភមង្គលឡើយ ហើយនៅពេលដែលគ្រួសារមិនមានភាពសុខដុមរមនា សមាជិកគ្រួសារនឹងមានអារម្មណ៍ហ្មងសៅ ធ្វើការងារផ្សងៗ ក៏មិនបានល្អដែរ ហើយនឹងជះឥទ្ធិពលជាអវិជ្ជមានទៅដល់សង្គមមិនខាន ៕