ក្នុងទិវាពលករទេសន្តរប្រវេសន៍អន្តរជាតិ ក្រសួងការងារ បង្ហាញកិច្ចការសំខាន់៦ចំណុច
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ពីកិច្ចការសំខាន់ចំនួន៦ចំណុចដែលក្រសួងបានធ្វើដើម្បីភាពកាន់តែប្រសើរឡើងដល់ពលរដ្ឋកម្ពុជាដែលកំពុងបម្រើការងារនៅនៅបរទេស។ ការដាក់ចេញនៅកិច្ចការនេះ ដើម្បីជាខួបលើកទី២៤នៃទិវាពលករទេសន្តរប្រវេសន៍អន្តរជាតិដែលត្រូវបានបង្កើតឡើងក្នុងមូលបទការធ្វើចំណាកស្រុកដោយសុវត្ថិភាព។
លោកកត្តា អ៊ន រដ្ឋលេខាធិក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអ្នកនាំពាក្យ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានអោយដឹងថា កិច្ចការសំខាន់ៗទាំង៦នោះរួមមានទី១ ការពង្រឹងសេវាអនុព័ន្ធការងារអមស្ថានទូតកម្ពុជាព្រមទាំងសហការយ៉ាងជិតស្និទ្ធជាមួយជាមួយមជ្ឈមណ្ឌលគាំពារពលករបរទេស តាមបណ្ដាប្រទេសគោលដៅដើម្បីជួយបង្ករភាពងាយស្រួលដល់ពលរដ្ឋកម្ពុជាក្នុងអំឡុងពេលបម្រើការងារ។ ទី២ គឺការបន្តពង្រឹងយន្តការចុះត្រួតពិនិត្យនិងធ្វើអធិការកិច្ចការងារទីភ្នាក់ងារជ្រើសរើសឯកជន។ ទី៣ គឺការផ្ដល់ការគាំទ្រនិងភាពងាយស្រួលជូនពលករពេលធ្វើការនៅក្រៅប្រទេសតាមរយៈការសម្របសម្រួលបែបបទឯកសារការគាំពារតាមផ្លូវច្បាប់អន្តរាគមន៍សង្គ្រោះពេលមានហានិភ័យនិងការជួបសួរសុខទុក្ខជាប្រចាំ។
ទី៤ ការជួយអន្តរាគមន៍សម្របសម្រួលពលករនិងដោះស្រាយបញ្ហាជាទូទៅរបស់ពលករជួបការលំបាកដែលមិនអនុញ្ញាតឱ្យពលរដ្ឋខ្មែរណាម្នាក់មានបញ្ហាទុកលំបាកដោយគ្មានការដឹងឮឬអន្តរាគមន៍ពីអាជ្ញាធរកម្ពុជាឡើយ។ ទី៥ ការចូលរួមសម្របសម្រួលនិងផ្ដល់ជំនួយជាថ្នាំព្យាបាលនិងស្បៀងអាហារដល់ពលករដែលជួបការលំបាកនូវប្រទេសថៃក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ-១៩ដែលជាការបង្ហាញពីសមាណចិត្ត និងការយកចិត្តទុកដាក់របស់រដ្ឋាភិបាលចំពោះពលរដ្ឋរបស់ខ្លួនមិនថានៅប្រទេសណា ឬក្នុងស្ថានភាពបែបណានោះទេ។
និងទី៦ ការផ្តួចផ្តើមឱ្យមានការធានាចល័តភាពរបបសន្តិសុខសង្គមក្នុងតំបន់អាស៊ាន។នេះគឹជាចំណុចសំខាន់បំផុតមួយដើម្បីឱ្យពលរដ្ឋកម្ពុជា និងតំបន់អាស៊ានអាចទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមក្នុងតំបន់បើទោះពលរដ្ឋម្នាក់នោះធ្វើការនៅប្រទេសណាក៏ដោយ។ ត្រង់ចំណុចនេះ កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ បានសម្រេចបានសេចក្តីថ្លែងការណ៍អាស៊ានស្ដីពីចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១។
ទាំងនេះ គឺជាចំណុចសំខាន់ៗដែលក្រសួងការងារក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជាបានប្រឹងប្រែងជួយប្រជាពលរដ្ឋរបស់ខ្លួនដែលកំពុងធ្វើការនៅក្រៅប្រទេសដើម្បីទទួលបានបទពិសោធន៍ការងារ និងជំនាញបន្ថែមទៀត។
គិតត្រឹមឆ្នាំ២០២៣ ពលករទេសន្តរប្រវេសន៍កម្ពុជាមានប្រមាណ១.៣លាននាក់ដែលកំពុងធ្វើការនោប្រទេសធំៗមួយចំនួនដូចជាថៃ កូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី កោះហុងកុង សឹង្ហបូរី និងបណ្តាប្រទេសមួយចំនួនទៀត៕