លោក ស សុខា ៖ មន្ដ្រីនគរបាលជាតិរូបណា ធ្វើតេស្ដឃើញសារធាតុញៀន គឺបណ្ដេញចេញពីក្របខ័ណ្ឌ
ភ្នំពេញ ៖ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការទីតាំងមណ្ឌលសំចតប៉ោយប៉ែត នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃ១៨ ធ្នូ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រកាស យ៉ាងដាច់ណាត់ថា បើមានមន្ដ្រីនគរបាលជាតិ រូបណា ធ្វើតេស្ដរកឃើញសារធាតុញៀន គឺយកត្រូវបណ្ដេញ ចេញពីក្របខ័ណ្ឌ នគរបាលជាតិ ។ លោកថា ការធ្វើបែបនេះ ដើម្បីបង្ហាញដល់យុវជន ជំនាន់ក្រោយ កុំឲ្យប៉ះពាល់ជាមួយគ្រឿងញៀន ។
លោកឧបនាយករដ្ឋមន្ដ្រី បានលើកឡើងដែរថា ក្រសួងមិនទាន់មានការណែនាំណាមួយឡើយ ប៉ុន្ដែលោករដ្ឋមន្រ្តីក៏បានធ្វើការផ្ដាំផ្ញើថា បើមានអ្នកពាក់ព័ន្ធទៅនឹងសារធាតុញៀន ត្រូវដើរចេញឲ្យបានឆ្ងាយ បើខ្លួនកំពុងមានសារធាតុញៀនហើយត្រូវផ្ដាចខ្លួនចេញឲ្យបានលឿន ព្រោះក្នុងប្រវត្តិសាស្ដ្រនេះ អ្នករកស៊ីគ្រឿងញៀន មិនមានកប់ពពកឡើយ ទីចុងបញ្ចប់គឺប៉ូលីសចាប់ខ្លួន។
ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ដ្រី ក៏បានណែនាំដល់ភាគី ពាក់ព័ន្ធ ត្រូវផ្សព្វផ្សាយឲ្យផុសផុល អំពីគ្រោះថ្នាក់ នៃការប្រើប្រាស់គ្រឿងញៀន និងល្បែងស៊ីសង់ សំដៅធ្វើយ៉ាងណាឲ្យភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។ សូមបញ្ជាក់ថា ថ្មីៗនេះ មានមន្រ្តីនគរបាល នៅតាមស្នងការ នគរបាល រាជធានី-ខេត្តមួយចំនួន និងមន្រ្តី កងរាជអាវុធជាច្រើននាក់ បានជាប់ពាក់ព័ន្ធគ្រឿងញៀន ហើយក៏ត្រូវបណ្តេញ ជាបន្តបន្ទាប់៕