ក្រុមហ៊ុនមួយរបស់ជប៉ុន បង្ហាញបំណងបង្កើតភូមិខ្មែរនៅក្នុងខេត្តកាណាហ្គាវ៉ា ដើម្បីផ្សព្វផ្សាយវប្បធម៌ និងប្រពៃណីខ្មែរ
(តូក្យូ, ជប៉ុន)៖ ថ្លែងក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ ប្រធានក្រុមហ៊ុន KOJIMA របស់ជប៉ុន បានបង្ហាញបំណងបង្កើតភូមិខ្មែរនៅក្នុងខេត្តកាណាហ្គាវ៉ា ដើម្បីផ្សព្វផ្សាយវប្បធម៌ និងប្រពៃណីខ្មែរ។
លោក កូជីម៉ា ម៉ាសាណូប៊ូ បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម។ លោក កូជីម៉ា ម៉ាសាណូប៊ូ បានជម្រាបជូនអំពីវឌ្ឍនភាពរីកចម្រើននៃការបណ្តុះបណ្តាល និងនាំយកកម្មសិក្សាការីខ្មែរ ទៅបម្រើការងារនៅក្នុងប្រទេសជប៉ុន។
លោក កូជីម៉ា ម៉ាសាណូប៊ូ ថា ក្រុមហ៊ុនក៏បានបើកដំណើរការមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងអាតស៊ូគិ ខេត្តកាណាហ្គាវ៉ា ដែលជាកន្លែងដ៏សំខាន់មួយក្នុងការផ្តល់ព័ត៌មានពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ក៏ដូចជាការផ្សព្វផ្សាយអំពីផលិតផល និងម្ហូបអាហារខ្មែរ ការផ្លាស់ប្តូរវប្បធម៌ ការបណ្តុះបណ្តាលធនធានមនុស្ស និងការសម្របសម្រួលធុរកិច្ចពាណិជ្ជកម្មជាដើម។
លោកប្រធានក្រុមហ៊ុន ក៏បានជម្រាបផងដែរ អំពីគម្រោងនៃការពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម សម្រាប់បម្រើដល់ការនាំចេញ និងគម្រោងនៃការបង្កើតភូមិខ្មែរនៅក្នុងខេត្តកាណាហ្គាវ៉ា ដើម្បីបង្កើនការផ្សព្វផ្សាយអំពីប្រពៃណីវប្បធម៌ខ្មែរនៅក្នុងប្រទេសជប៉ុន សំដៅលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងកិច្ចស្វាគមន៍ និងរីករាយ ចំពោះជំនួបជាមួយលោក កូជីម៉ា ម៉ាសាណូប៊ូ និងសហការី។ សម្តេចធិបតី បានអរគុណក្រុមហ៊ុន ដែលបានបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
សម្តេចធិបតី បានថ្លែងអំណរគុណក្រុមហ៊ុន ចំពោះការចូលរួមចំណែកក្នុងការជួយបណ្តុះបណ្តាល និងបញ្ជូនកម្មសិក្សាការីខ្មែរ មកធ្វើការនៅក្នុងប្រទេសជប៉ុន តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងពាណិជ្ជកម្មកម្ពុជា។ សកម្មភាពនេះ គឺពិតជាបានផ្តល់អត្ថប្រយោជន៍ចំពោះកម្ពុជា ទាំងចំពោះមុខ និងរយៈពេលវែង។ ផលប្រយោជន៍ចំពោះមុខ គឺការបង្កើតការងារ ដែលផ្តល់ប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រ ខណៈដែលផលប្រយោជន៍រយៈពេលវែង គឺកម្មសិក្សាការីខ្មែរ នឹងក្លាយជាធនធានមនុស្សខ្មែរដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់ សម្រាប់ប្រទេសកម្ពុជា នាពេលអនាគត៕