ជប៉ុន និងអាស៊ាន ព្រមព្រៀងគ្នាដើម្បីជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធទៅនឹងសន្តិសុខដែនសមុទ្រ

នៅថ្ងៃអាទិត្យម្សិលម៉ិញ មេដឹកនាំជប៉ុន និងមេដឹកនាំបណ្ដាប្រទេសអាស៊ាន បានព្រមព្រៀងគ្នាដើម្បីជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធទៅនឹងសន្តិសុខដែនសមុទ្រនៅក្នុងកិច្ចប្រជុំកំពូលដែលកំពុងរៀបចំឡើងនៅទីក្រុងតូក្យូ។

យោងតាមសេចក្ដីថ្លែងការណ៍រួមមួយបានឲ្យដឹងថា ជប៉ុន និងអាស៊ាន បានឈានដល់ការឯកភាពគ្នាក្នុងការពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការសម្រាប់ការការពារសន្តិសុខ សុវត្ថិភាព ក៏ដូចជាសណ្តាប់ធ្នាប់ដែនសមុទ្រដោយផ្អែកលើច្បាប់មូលដ្ឋាន ក្នុងនោះមានទាំងសេរីភាព និងសុវត្ថិភាពនៃការធ្វើនាវាចរ ក៏ដូចជាការហោះហើរ និងការធ្វើពាណិជ្ជកម្មដោយគ្មានការហាមឃាត់ផងដែរ ។

«ជប៉ុន និងអាស៊ាន ក៏នឹងពង្រឹងការយល់ដឹងផងដែរអំពីដែនសមុទ្រ ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងឆ្មាំសមុទ្រ និងភ្នាក់ងារអនុវត្តច្បាប់ពាក់ព័ន្ធដែនសមុទ្រ រួមទាំងធានាឲ្យបាននូវការដោះស្រាយជម្លោះដោយសន្តិវិធី មិនប្រើការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងយោធា ពោល​ស្រប​តាម​គោលការណ៍​ច្បាប់​អន្តរជាតិ»។ នេះបើលយោងតាមសេចក្តីថ្លែងការដដែលនេះ។

គួរបញ្ជាក់ថា ជប៉ុនបាននឹងកំពុងរៀបចំកិច្ចប្រជុំកំពូលពិសេសជាមួយបណ្ដាមេដឹកនាំអាស៊ានរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែធ្នូក្នុងទីក្រុងតូក្យូ ខណៈក្នុងជំនួបនោះក៏ដើម្បីរំឭកខួបលើកទី ៥០ នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងអាស៊ានផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds