រដ្ឋមន្ត្រីបរិស្ថាន និទូតអង់គ្លេស ប្រចាំកម្ពុជា អញ្ជើញបិទព្រឹត្តការរូប៉ូតិកកម្ពុជា ឆ្នាំ២០២៣
ភ្នំពេញ៖ ពិធីបិទព្រឹត្តការរូប៉ូតិកកម្ពុជា ឆ្នាំ២០២៣ នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នេះ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាភិបាល STEM CAMBODIA និងលោក Dominic Williams អគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំកម្ពុជា បានចូលរួមជាគណៈអធិបតី ក្នុងពិធីបិទព្រឹត្តការរូប៉ូតិកកម្ពុជា ឆ្នាំ២០២៣ ដែលរៀបចំដោយអង្គការពិព័រណ៍វិទ្យាសាស្ត្រ (STEMOC) និងមានការគាំទ្រសហការពី ក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជននិងកីឡា ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ដែលបានរៀចំនៅមជ្ឈមណ្ឌលពិព័រណ៍សន្និបាតកោះពេជ្រ។
ថ្លែងនៅក្នុងអង្គពិធី ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រី បានធ្វើការសម្តែងនៅអំណរគុណដល់បណ្តាដៃគូទាំងអស់ ជាពិសេសសាលារៀនសារធារណៈ និងឯកជន ដែលបានចូលរួមបង្ហាញពីសមត្ថភាពក្នុងបង្កើតរូប៉ូតតិក ដើម្បីធ្វើការប្រកួតប្រជែង ក៏ដូចជាបានបង្ហាញនូវសមត្ថភាពរបស់សិស្សានុសិស្សទាំងក្នុងប្រទេសនិងសាកលលោកឱ្យបានដឹងថាខ្មែរធ្វើបាន និងការផ្តល់អនុសាសន៍ណែនាំឱ្យធ្វើការខិតខំប្រឹងប្រែបន្តទៀតក្នុងបង្កើតបច្ចេកវិទ្យាថ្មី និងស្របតាមស្តង់ដាអន្តរជាតិ និងអាចបង្កើនសមត្ថភាពចូលរួមក្នុងការប្រកួតប្រជែងជាតំណាងរូប៉ូតតិកនៅលើឆាកអន្តរជាតិ។
ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានធ្វើការគាំទ្រ និងថ្លែងអំណរគុណដល់ស្ថានទូតអង់គ្លេសដែលបានជួយឧបត្ថមរៀបចំកម្មវិធី “ONE STEM ONE SCHOOL” និងជាពិសេសជាងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើជម្រុញបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថានឱ្យបានទូលំទូលាយបន្ថែមទៀតនាពេលខាងមុខរវាងក្រសួងបរិស្ថាននិងស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា។ ជាមួយគ្នានេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានទស្សនាស្តង់ពិព័រណ៍រូប៉ូតតិក និងបច្ចេកវិទ្យាផ្សេងៗ ដែលបានផលិតដោយសិស្សានុសិស្សតាមសាលានីមួយៗ៕