គិតត្រឹមខែធ្នូនេះ!ផ្លូវជាតិលេខ៣៣ពីទីរួមខេត្តកំពតដល់ច្រកលកត្រូវស្ថាបនាលើកគុណភាពបានជិត៣៦%ហើយ

(ខេត្តកំពត)៖ នៅថ្ងៃទី១៤ ខែធ្នូ  ឆ្នាំ២០២៣ ឯកឧត្តម ប៊ុន សុផាត អនុប្រធានគម្រោង និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងសម្របសម្រួលគម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទូទៅ បច្ចេកទេស និងវឌ្ឍនភាពការងារសាងសង់ និងចុះពិនិត្យដំណើរការផលិត នៃរោងចក្រផលិតបេតុងកៅស៊ូ AC (Asphalt Concrete) ដោយមានការចូលរួមពីមន្ត្រីជំនាញនៃអង្គភាពពាក់ព័ន្ធ និងក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC)  និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ាងអាន ផងដែរ។

ការចុះត្រួតពិនិត្យនេះធ្វើឡើងក្នុងគោលបំណងពិនិត្យមើលស្ថានភាពសាងសង់ និងត្រួតពិនិត្យលើការងារបច្ចេកទេសសាងសង់ ចាប់ពីទីរួមខេត្តកំពត ដល់ច្រកលក(ព្រំដែនកម្ពុជា-វៀតណាម) ក្នុងនោះរួមមាន៖ ស្ពានក្បាលរមាសថ្មី ត្រង់ចំណុចគីឡូម៉ែត្រលេខ០៤+៧៩១ និងទីតាំងដាក់លូទីប្រជុំជនផ្សារកំពង់ត្រាច កុំឱ្យមានការប៉ះពាល់ដល់ផ្លូវថ្នល់ និងដើម្បីធានាឱ្យបានថាគម្រោងផ្លូវជាតិលេខ៣៣ អនុវត្តទៅតាមលក្ខណៈបទដ្ឋានត្រឹមត្រូវ ប្រកបដោយគុណភាព និងអាចប្រើប្រាស់បានយូរអង្វែង។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានធ្វើការណែនាំដល់ក្រុមហ៊ុនសាងសង់ឱ្យបន្ថែមការយកចិត្តទុកដាក់លើការងារស្រោចទឹក លុបជង្ហុក និងត្រូវគិតគូរឱ្យបានហ្មត់ចត់ពីសុវត្ថិភាពនៅតាមការដ្ឋាន ដោយដាក់ផ្លាកសញ្ញាផ្តល់ដំណឹង ផ្លាកសញ្ញាបញ្ជៀសចរាចរណ៍ ប្រើប្រាស់សម្លៀកបំពាក់ និងឧបករណ៍ការពារសុវត្ថិភាពឱ្យបានត្រឹមត្រូវ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋ។

សូមជម្រាបជូនថា៖ គិតត្រឹមខែធ្នូ ឆ្នាំ២០២៣នេះ គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ សម្រេចវឌ្ឍនភាពការងារបាន៣៥.៩៩% ហើយ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds