២០ថ្ងៃក្រោយការប្រកាស ពលរដ្ឋជិត ៩ម៉ឺននាក់ បានចុះឈ្មោះចូលជាសមាជិក ប.ស.ស. តាមរបបភាគទានដោយស្ម័គ្រចិត្ត
ភ្នំពេញ៖ បន្ទាប់ពីប្រកាសបើកយុទ្ធនាការផ្សព្វផ្សាយស្តីពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត គិតមកដល់ត្រឹមថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នេះ មានបងប្អូនអាជីវករ អ្នករត់ម៉ូតូកង់បី អ្នករត់ម៉ូតូឌុប និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. សរុបប្រមាណជា ៨៨ ០០៥នាក់ បានចុះឈ្មោះចូលជាសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ក្នុងនោះបុគ្គលស្វ័យនិយោជន៍ (អាជីវករ អ្នករត់ម៉ូតូកង់បី អ្នករត់ម៉ូតូឌុប) មានចំនួន ៨៤ ៨៦៥នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួន ៣ ១៤០នាក់។
តាមរយៈការស្ម័គ្រចិត្តមកចុះឈ្មោះចូលជាសមាជិក ប.ស.ស. របស់បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនខាងលើនេះ សបញ្ជាក់ឱ្យឃើញថា ពួកគាត់ទាំងអស់ពិតជាបានយល់ច្បាស់ពីអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដែលក្រុមការងារបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះផ្សព្វផ្សាយក្នុងយុទ្ធនាការអស់រយៈពេលជាង ២០ថ្ងៃកន្លងទៅនេះ។
គួរបញ្ជាក់ឱ្យដឹងថា គិតរហូតមកដល់ថ្ងៃនេះ គឺជាង២០ថ្ងៃហើយ នៃយុទ្ធនាការផ្សព្វផ្សាយរយៈពេល ៣០ថ្ងៃ ដែលបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការស្នើសុំចុះឈ្មោះចូលជាសមាជិក ប.ស.ស. តាមរបបភាគទានដោយស្ម័គ្រចិត្ត ពិសេស គឺការផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ដែលបងប្អូនប្រជាពលរដ្ឋត្រូវទទួលបាន ពេលក្លាយជាសមាជិក ប.ស.ស. និងមានបងប្អូនប្រជាពលរដ្ឋជាអាជិវករ អ្នករត់ម៉ូតូកង់បី អ្នករត់មូតូឌុប បងប្អូនកម្មករនិយោជិត រួមទាំងបងប្អូនជាអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. សរុបប្រមាណជា ១ ២៨៥ ២០៣នាក់ ស្មើនឹង ៤ ២៥៨លើក ដែលទទួលបានការផ្សព្វផ្សាយខាងលើ។
ប.ស.ស. នឹងបន្តពង្រីកការផ្សព្វផ្សាយរបស់ខ្លួនឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋ បងប្អូនកម្មករនិយោជិត ពិសេសបងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រកបរបរផ្ទាល់ខ្លួន (បុគ្គលស្វ័យនិយោជន៍) ទទួលបានការយល់ដឹងកាន់តែច្បាស់ និងស៊ីជម្រៅស្តីពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត ដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចប្រកាសដាក់ឱ្យអនុវត្តនាពេលនេះ៕