បណ្ឌិត អ៊ាង សុផល្លែត ថ្លែងការណ៍ នៅឯសន្និសីទលើកទី២៨ (COP28) ដើម្បីបង្ហាញពីការប្តេជ្ញាចិត្ត ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ
(ឌូបៃ)៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានដឹកនាំគណៈប្រតិភូអន្តរក្រសួងកម្ពុជា ចូលរួមសន្និសីទកំពូលអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ លើកទី២៨ (COP28) នៅទីក្រុងឌូបៃ។
លោកបណ្ឌិត អ៊ាង សុផល្លែត បានសង្កត់ធ្ងន់ពីការបេ្តជ្ញាចិត្តរបស់កម្ពុជា ចូលរួមជាមួយបណ្តាប្រទេសហត្ថលេខីនៃ UNFCCCដូចជា ទី១៖ ក្នុងការរក្សាកំណើនសីតុណ្ហភាពត្រឹម ១.៥អង្សាសែលស៊ុស កម្ពុជាបានប្ដេជ្ញាចិត្តតាម រយៈការដាក់ចេញនូវយុទ្ធសាស្រ្តរយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ ទី២៖ ជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ (renewable energy) ឱ្យបាន៧០% នៅឆ្នាំ២០៣០ ដែលបច្ចុប្បន្ននេះកម្ពុជាមានថាមពលស្អាតរហូតដល់ ៦២% រួចហើយ។ ទី៣៖ បង្កើនកាបូនស្តុក តាមរយៈការបង្កើនគម្របព្រៃឈើឱ្យបាន៦០% ក្នុងនោះក្រសួងបរិស្ថានបានរួមចំណែកដាក់ចេញនូវយុទ្ធនាការដាំដើមឈើយ៉ាងហោចណាស់ ១លានដើម ក្នុង១ឆ្នាំ និងការពារព្រៃឈើឱ្យបានហ្មត់ចត់។ ទី៤៖ ជំរុញ និងអំពាវនាវដល់សហគមន៍អន្តរជាតិនាំគ្នាកៀរគរមូលនិធិអាកាសធាតុបៃតង (GCF) ឱ្យបាន ១០០ពាន់លានដុល្លារក្នុង១ឆ្នាំ និងទី៥៖ ជំរុញ និងបង្កើនថវិកាសម្រាប់មូលនិធិអាកាសធាតុផ្សេងទៀតដូចជា៖ មូលនិធិបន្សាំ (adaptation fund), មូលនិធិនៃការបាត់បង់ និងខូចខាត (Loss and damage Fund) ព្រមទាំងមូលនិធិសម្រាប់ប្រព័ន្ធស្បៀងជាដើមដើម្បីទប់ទល់នឹងវិបត្តិអាកាសធាតុ។
សូមបញ្ជាក់ថា នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រៅពីធ្វើសេចក្តីថ្លែងការណ៍លោកបណ្ឌិតក៏នឹងអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់ទ្វេភាគីជាមួយ អង្គការCI (High-Level Bilateral Meeting MoE/CI) ,កិច្ចប្រជុំជាមួយប្រធានលេខាធិការដ្ឋាន UN Forum on Forest (UNFF) និងកិច្ចប្រជុំកម្រិតខ្ពស់ បណ្តាប្រទេសជាដៃគូ JCM លើកទី៩ (9th JCM Partners Countries’ high-level meeting)៕