ជនជាតិវៀតណាម២៥៧នាក់ពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញត្រូវបណ្ដេញចេញពីកម្ពុជា
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ បណ្តេញជនជាតិវៀតណាមសរុប ២៥៧នាក់ (ស្រី៥៦នាក់) ដែលពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ(Online Scam) និងបទល្មើសអន្តោប្រវេសន៍ចេញពីព្រះរាជាណាចក្រកម្ពុជា ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍ និងប្រកាសរបស់ក្រសួងមហាផ្ទៃ។ នេះបើតាមការបញ្ជាក់របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ជនជាតិវៀតណាមទាំង២៥៧នាក់ ត្រូវបានឃាត់ខ្លួនដោយអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ក្នុងសង្កាត់ស្វាយជ្រុំ ក្រុងអរិយ្សត្រ ខេត្តកណ្តាល នឹងត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សម្របសម្រួលជាមួយប៉ុស្តិ៍ច្រកទ្វារអន្តរជាតិបាវិត និងប៉ុស្តិ៍កងទ័ពការពារព្រំដែនអន្តរជាតិម៉ុកបាយ ព្រមទាំងមានការចូលរួមពីតំណាងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ដើម្បីបណ្ដេញចេញទៅប្រទេសវៀតណាមវិញ។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជាក់ថា ជនជាតិវៀតណាមទាំងជិត២៦០នាក់ខាងលើ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ(Online Scam) និងបទល្មើសអន្តោប្រវេសន៍ រួមមាន៖ បទល្មើសធ្វើការងារខុសច្បាប់ដោយគ្មានប័ណ្ណការងារ ប្រើប្រាស់ទិដ្ឋាការខុសគោលបំណង (ប្រើទិដ្ឋាការទេសចរណ៍មកធ្វើការងារ) និងឆ្លងដែនដោយខុសច្បាប់ចូលមកប្រទេសម្ពុជា។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អះអាងថា កន្លងមកប្រទេសកម្ពុជាបានក្លាយជាប្រទេសរងគ្រោះ ដោយសារជនបរទេសតែងតែយកកម្ពុជា ជាទីតាំងប្រព្រឹត្តបទល្មើសដោយលួចលាក់ ធ្វើឱ្យប៉ះពាល់ដល់កេរ្ត៍ឈ្មោះរបស់កម្ពុជាលើឆាកអន្តរជាតិ។
ក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់អង្គភាពពាក់ព័ន្ធ ជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការស្រាវជ្រាវបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ព្រមទាំងបទល្មើសអន្តោប្រវេសន៍ និងឧក្រិដ្ឋកម្មឆ្លងដែននានា ឱ្យកាន់តែមានប្រសិទ្ធភាព៕