វិទ្យាស្ថានបណ្តុះបណ្តាលនៅខេត្តបាត់ដំបង ចំនួន២ ប្រកាសជ្រើសយុវជនរៀនជំនាញដោយឥតបង់ថ្លៃ
ភ្នំពេញ៖ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង និងវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង ប្រកាសផ្តល់អាហារូបករណ៍ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១០៨០នាក់ ឱ្យចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលផងដែរ ។
សេចក្តីប្រកាសរបស់វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ឱ្យដឹងថា វិទ្យាស្ថានត្រូវការយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ៦៣០នាក់ ចូលរៀនជំនាញវិជ្ជាជីវៈលើមុខជំនាញ ការងារកំបោរ ការដំឡើងបណ្តាញបំពង់ទឹក ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ការដំឡើងសរសៃដែក ការដំឡើងគ្រឿងឈើសម្រេច ការថែទាំនិងជួសជុលរថយន្ត ការផ្សារអគ្គិសនី ការផលិតនំ ការកែឆ្នៃបន្លែ និងផ្លែឈើ ការចញ្ចឹម និងថែទាំត្រីប្រា ការដាំ ថែទាំ និងប្រមូលផលដំណាំស្វាយកែរមៀត សេវាកម្មកុំព្យូរទ័រ ការរចនាក្រាហ្វិកដោយកុំព្យូរទ័រ ការដំឡើង និងថែទាំកាម៉េរាសុវត្ថិភាព សេវាកម្មសម្អាងកាយ និងសេវាកម្មបរិក្ខាត្រជាក់ និងកំដៅ ។
ដោយឡែកវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង ក៏ប្រកាសជ្រើសរើសយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ៤៥០នាក់ ឱ្យចូលរៀនជំនាញវិជ្ជាជីវៈលើជំនាញដូចជា ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ការងារកំបោរ ការដំឡើង និងថែទាំប្រព័ន្ធបញ្ជាម៉ូទ័រអគ្គិសនី ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត សេវាកម្មកុំព្យូទ័រ និងការចនាក្រាហ្វិកដោយកុំព្យូទ័រ ផងដែរ។
ដោយសារតែការបណ្តុះបណ្តុះជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ ជាកម្មវិធីអាទិភាពរបស់ប្រមុខរាជរដ្ឋាភិបាលសម្រាប់ក្រុមយុវជនមកពីគ្រួសារក្រីក្រ ដូចនេះ សិក្ខាកាមដែលមានប័ណ្ណសមធម៌ និងប័ណ្ណគ្រួសារងាយរងហានិភ័យនឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀលក្នុងមួយខែរហូតបញ្ចប់វគ្គបណ្តុះបណ្តាល ។ ។ សម្រាប់វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបងក៏បានផ្តល់កន្លែងស្នាក់នៅ ទឹក ភ្លើង ឥតបង់ថ្លៃ មានបណ្ណាល័យ និងផ្តល់សេវាអ៊ីនធើណេត សិក្សា ស្រាវជ្រាវ៕