លោក អ៊ួ តារា៖ ព្រឹត្តិការណ៍ប្រកួតអ្នកលេងគុន ដើម្បីរួមចំណែកលើកកម្ពស់ដល់កីឡាគុនល្បុក្កតោកម្ពុជា
ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតអ្នកលេងគុន «Neak Leng Kun» ត្រូវបានរៀបចំឱ្យមានជាលើកទី២ នៅថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ចុងសប្តាហ៍ក្រោយ ដើម្បីរួមចំណែកលើកកម្ពស់ដល់កីឡាគុនល្បុក្កតោកម្ពុជា ហើយការប្រកួតដែលមាន៥ ប្រទេស ចូលរួមនេះ វាក៏បានផ្តល់ឱកាសឱ្យកីឡាករគុនល្បុក្កតោបានដកស្រង់បច្ចេកទេសជាមួយកីឡាករអន្តរជាតិដើម្បីពង្រឹងសមត្ថភាពផងដែរ។
ថ្លែងក្នុងសន្និសិទសាព័ត៌មានកាលពីថ្ងៃទី៨ ខែធ្នូ លោក អ៊ួ តារា អគ្គលេខាធិការរងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានបន្តថា កម្មវិធីអ្នកលេងគុន នឹងអាចផ្តល់អត្ថប្រយោជន៍ច្រើនដល់កីឡាករ កីឡាការិនីរបស់យើង ក្នុងការបន្ថែមនូវបទពិសោធន៍ប្រកួត ព្រោះកន្លងមក យើងមានតែការប្រកួតជើងឯកថ្នាក់ជាតិទេ ដែលមិនអាចបំពេញគ្រប់តម្រូវក្នុងការបន្ថែមនូវកម្រិតបច្ចេកទេស និងបទពិសោធន៍របស់អត្តពលិកយើងឡើយ។
អគ្គលេខាធិការរងរូបនេះ បន្ថែមថា ព្រឹត្តិការណ៍“អ្នកលេងគុន” ជាព្រឹត្តិការណ៍មួយរបស់សហព័ន្ធសម្រាប់ជំរុញបន្ថែមក្នុងការប្រកួត និងការគាំទ្រលក្ខណៈអាជីពចំពោះវិស័យកីឡាគុនល្បុក្កតោ ហើយសហព័ន្ធបានដើរតួនាទីចំនួន ២ មានន័យថា ក្នុងការអភិឌ្ឍនវិស័យកីឡាគុនល្បុក្កតោ ចំណែកនាពេលនេះ យើងត្រូវរុញគុនល្បុក្កតោឡើងមួយកម្រិតទៀត ដូច្នេះ“អ្នកលេងគុន” ជាព្រឹត្តិការណ៍សំខាន់សម្រាប់គុនល្បុក្កតោ សហព័ន្ធ និងប្រទេសកម្ពុជា។
ក្រោមការសហការជាមួយសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជានិងអ្នកឧបត្ថម្ភគឺក្រុមអ្នកលេងគុននៅកម្ពុជាបាននាំគ្នាផ្តួចផ្តើមបង្កើតឱ្យមានព្រឹត្តិការណ៍ «អ្នកលេងគុន» នេះឡើង ដើម្បីរំឭក និងបង្ហាញពីទម្លាប់របស់អ្នកហាត់គុនជំនាន់ដើមដែលតែងណាត់គ្នាសាកល្បងវិជ្ជាគុននៅតាមតំបន់ ដែលមានសាលាគុនឬអ្នកហាត់គុនច្រើន ហើយសកម្មភាពនោះបានក្លាយជាទម្លាប់ដ៏ល្អមួយក្នុងការជំរុញឱ្យមានសកម្មភាពអ្នកហាត់គុនកាន់តែច្រើននៅតាមភូមិ ឃុំ ហេតុនេះហើយទើបកាលពីសម័យដើម ខ្មែរយើងសម្បូរអ្នកចេះក្បាច់គុន និងគ្រូគុន៕