វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្តល់អាហារូបករណ៍ជិត១ពាន់កន្លែងដល់យុវជនមកពីគ្រួសារក្រីក្រ
កំពង់ធំ៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ប្រកាសផ្តល់អាហារូបករណ៍ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ៥៤០នាក់ ឱ្យចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស លើមុខជំនាញសំខាន់ៗចំនួន ៨ ប្រភេទ ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលផងដែរ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ វិទ្យាស្ថានត្រូវការយុវជនមករៀនជំនាញដូចជា ការងារកំបោរ (សំណង់) ចំនួន៣០នាក់ ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារចំនួន 9០នាក់ ការផ្សារអគ្គិសនី (ផ្សារដែក) ចំនួន6០នាក់ ការថែទាំ និងជួសជុលរថយន្តចំនួន 6០ សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋានចំនួន 6០នាក់ ការកែច្នៃបន្លែ និងផ្លែឈើចំនួន 9០នាក់ ការដាំ ថែទាំ និងប្រមូលផលស្វាយចន្ទីចំនួន ៩០នាក់ សេវាកម្មកុំព្យូទ័រចំនួន ៦០នាក់ ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់វិទ្យាស្ថានដដែលបានឱ្យដឹងថា យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យត្រូវមានអាយុចាប់ ១៥ឆ្នាំឡើងទៅ មានប័ណ្ណសមធម៌ ឬបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ។ ព័ត៌មានលម្អិតសូមមកវីទ្យាស្ថានពហុបច្ចេកទេសខេត្តកំបង់ធំ ដែលមានទីតាំងនៅទល់មុខវិទ្យាល័យកំពង់ធំ ក្រោយបុរីកុមារកំព្រាខេត្តកំពង់ធំ។
ដោយសារតែការបណ្តុះបណ្តុះជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ ជាកម្មវិធីអាទិភាពរបស់ប្រមុខរាជរដ្ឋាភិបាលសម្រាប់ក្រុមយុវជនមកពីគ្រួសារក្រីក្រ ដូចនេះ សិក្ខាកាមដែលមានបណ្ណសមធម៌ ឬបណ្ណក្រីក្រទាំងអស់ក្រៅពីទទួលបានការសិក្សាដោយឥតគិតថ្លៃរួចហើយនោះ ក៏នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀលក្នុងមួយខែរហូតបញ្ចប់វគ្គបណ្តុះបណ្តាល៕