អ្នកនាំពាក្យក្រសួងមហាផ្ទៃ ច្រានចោលចំពោះការចុះផ្សាយថា CPP បង្ខំសមាជិកគណៈកម្មាធិការកណ្តាល បង់លុយម្នាក់ៗរាប់ម៉ឺនដុល្លារ

ភ្នំពេញ៖ បន្ទាប់ពីសារព័ត៌មានអនឡាញ The Cambodia Daily បានចុះផ្សាយអត្ថបទមួយក្រោម ចំណងជើងថា «មន្ត្រីទម្លាយថា បក្សប្រជាជនកម្ពុជាតម្រូវឱ្យសមាជិកគណៈកម្មាធិការកណ្តាល បង់លុយម្នាក់ៗរាប់ម៉ឺនដុល្លារ» ដោយចុះផ្សាយថា «មានមន្ត្រីជាន់ខ្ពស់ក្នុងក្រសួងមហាផ្ទៃជាច្រើនរូប មិនសប្បាយចិត្ត…» អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបដិសេធដាច់អហង្ការចំពោះការចុះផ្សាយនេះ។

យោងតាមសេចក្តីប្រកាសបដិសេធ របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២៣ នេះបានបញ្ជាក់ថា អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានកិត្តិយសសូមជម្រាបជូនសាធារណមតិជាតិ-អន្តរជាតិជ្រាបថា ថ្មីៗនេះ សារព័ត៌មានអនឡាញ The Cambodia Daily បានចុះផ្សាយអត្ថបទមួយក្រោមចំណងជើងថា «មន្ត្រីទម្លាយថា បក្សប្រជាជនកម្ពុជាតម្រូវឱ្យសមាជិកគណៈកម្មាធិការកណ្តាលបង់លុយម្នាក់ៗរាប់ម៉ឺនដុល្លារ» ដោយចុះផ្សាយថា «មានមន្ត្រីជាន់ខ្ពស់ក្នុងក្រសួងមហាផ្ទៃជាច្រើនរូបមិនសប្បាយចិត្ត…» ។

លិខិតដដែលបន្តថា «អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមធ្វើការបដិសេធដាច់អហង្ការចំពោះការចុះផ្សាយរបស់សារព័ត៌មានអនឡាញនិរទេសខុសច្បាប់នេះ និងសូមបញ្ជាក់ជូនថា ព័ត៌មានដែលមានចរិតញុះញង់បង្កប់ដោយកលល្បិចនេះ គ្មានអ្វីក្រៅពីចេតនាដ៏កខ្វក់ក្នុងការបំផុសបំផុល និងព្យាយាមបំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុង ដោយប៉ុនប៉ងបង្កើតឱ្យមានការសង្ស័យ និងការថ្នាំងថ្នាក់មកលើថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ជាពិសេសក្នុងចេតនាធ្វើឱ្យចុះខ្សោយឥទ្ធិពលរបស់ថ្នាក់ដឹកនាំ ដែលជាកម្លាំងថ្មីបន្តវេនប្រកបដោយសក្តានុពលនៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ថា «ព័ត៌មានអុចអាលដ៏អសីលធម៌នេះ មិនមែនទើបកើតមាននាពេលនេះទេ ប៉ុន្តែផ្ទុយទៅវិញការផ្សព្វផ្សាយបែបនេះ ធ្លាប់ត្រូវបានក្រុមជ្រុលនិយមមួយចំនួនប្រឌិតឡើង ដើម្បីបង្កអរិភាពក្នុងជួរមន្ត្រីរាជការ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ជាហូរហែមកហើយ តាំងពីដើមទស្សវត្សឆ្នាំ៨០»។

លិខិតក្រសួងមហាផ្ទៃដដែលបន្ថែមថា ឆ្លងតាមប្រវត្តិសាស្ត្រជាក់ស្តែង និងច្រំដែលៗជាច្រើនទស្សវត្សកន្លងមក ឃើញថា ចេតនាញុះញង់បំបែកបំបាក់ដ៏គួរឱ្យស្អប់ខ្ពើមនេះ ពីសំណាក់ក្រុមជ្រុលនិយមមួយចំនួន មកលើមន្ត្រីរាជការនិងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ពុំដែលទទួលផលតាមមហិច្ឆតារំពឹងទុករបស់ពួកគេម្តងណាឡើយ ។ ផ្ទុយទៅវិញ គំនិតបំបែកបំបាក់ដ៏អគតិក្នុងចេតនាទុច្ចរិតនេះ បានផ្តល់ឱ្យក្រុមរបស់ខ្លួនឯងវិញ នូវការរលំរលាយ បែកបាក់ និងខ្ចាត់ខ្ចាយ រហូតមកដល់បច្ចុប្បន្ន»៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds