រដ្ឋមន្ត្រីបរិស្ថាន៖ រួមគ្នាគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ សម្រេចឱ្យបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងបេសកកម្មសុក្រឹតកម្មបរិស្ថានកិច្ច
រដ្ឋមន្រ្តីក្រសួងបរិស្ថាន លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីឧទ្យានុរក្សទាំងអស់ ឱ្យបន្តខិតខំអនុវត្តឱ្យ បានកាន់តែល្អប្រសើរបន្ថែមទៀត នូវរាល់តួនាទីភារកិច្ចរបស់ខ្លួន និងចូលរួមដោះស្រាយបញ្ហាប្រឈមនានា ប្រកបដោយភាពម្ចាស់ការ មនសិកាវិជ្ជាជីវៈ ការទទួលខុសត្រូវ និងភាពច្នៃប្រឌិត ដោយបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ជាមួយដៃគូពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងប្រជាសហគន៍នៅមូលដ្ឋានទាំងអស់ ដើម្បីរួមគ្នាសម្រេចឱ្យបានជោគជ័យ ថ្មីៗបន្ថែមទៀត ក្នុងបេសកកម្មសុក្រឹតកម្មបរិស្ថានកិច្ច ដោយមានយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨។
ថ្លែងក្នុងពិធីបិទសិក្ខាសាលា ស្តីពី «ការត្រួតពិនិត្យការងារឆ្នាំ២០២៣ និងការរៀបចំផែនការសកម្មភាព ជាយុទ្ធសាស្រ្តសម្រាប់គ្រប់គ្រង តំបន់ការពារធម្មជាតិ ឆ្នាំ២០២៤-២០២៨» នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣នេះ លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ជាផែនទីបង្ហាញផ្លូវ ក្នុងការដឹកនាំតម្រង់ទិស សម្រាប់ការអនុវត្តសកម្មភាពវិស័យបរិស្ថាន ពិសេសការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ឱ្យសម្រេចបានជោគជ័យដ៏ឧត្តុង្គឧត្តម ជូនរាជរដ្ឋាភិបាលកម្ពុជា និងសង្គមជាតិយើង។
ជាមួយគ្នានេះដែរលោករដ្ឋមន្រ្តី បានជំរុញឲ្យ អគ្គនាយដ្ឋានតំបន់ការពារធម្មជាតិពង្រឹងប្រសិទ្ធភាព និងទំនើបកម្មការងាររបស់អង្គភាពចំណុះ និងជំរុញការគ្រប់គ្រងតំបន់ការពារធម្មជាតិ ដោយអនុលោមតាមក្រមបរិស្ថាន និងធនធានធម្មជាតិ និងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន២០២៣-២០២៨ ព្រមទាំងលើកកម្ពស់ការសិក្សាស្រាវជ្រាវ ការអភិរក្សជីវៈចម្រុះ បេតិកភណ្ឌធម្មជាតិ និងវប្បធ៌ម នៅតាមតំបន់ការពារធម្មជាតិ។
សូមបញ្ចាក់ថា តំបន់ការពារធម្មជាតិ បានកើនឡើងពីចំនួន២៣តំបន់ ដែលមានផ្ទៃដីសរុបប្រមាណ ៣,៣លានហិកតា ស្មើនឹង១៨% នៃផ្ទៃដីប្រទេស នាឆ្នាំ១៩៩៣ ដល់ចំនួន ៧៣តំបន់ ដែលមានផ្ទៃដីសរុបជាង៧លានហិកតា ស្មើនឹង ៤០% នៃផ្ទៃប្រទេស នាពេលបច្ចុប្បន្ន និងបានបែងចែកជាប្រភេទ តំបន់ការពារធម្មជាតិ មានជាអាទិ៍៖ តំបន់ឧទ្យានជាតិ, តំបន់ឧទ្យានជាតិសមុទ្រ, តំបន់ដែនជម្រកសត្វព្រៃ, តំបន់ការពារទេសភាព, តំបន់ប្រើប្រាស់ច្រើនយ៉ាង, តំបន់រ៉ាមសារ, តំបន់ស្នូលនៃឋបនីយជីវៈមណ្ឌលបឹងទន្លេសាប និងតំបន់បេតិកភណ្ឌធម្មជាតិ ស្ថិតក្នុងដែនយុត្ថាធិការរបស់ក្រសួងបរិស្ថាន៕