គណបក្សចំនួន២៩ ចូលរួមកិច្ចប្រជុំលើកដំបូង នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់
(ភ្នំពេញ)៖ គណបក្សចំនួន២៩ ក្នុងនោះមានទាំងគណបក្សប្រជាជនកម្ពុជាផងដែរ បានចូលរួមនៅក្នុងកិច្ចប្រជុំលើកដំបូង នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងឥស្សរជនក្នុងជួរាជរដ្ឋាភិបាល ប្រតិភូគណបក្សនយោបាយ និងមន្រ្តីពាក់ព័ន្ធសរុប ២១២នាក់។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជា នាយករដ្ឋមន្ត្រីកាល ពីឆ្នាំ២០១៨ នៅដើមនីតិកាលទី៦ ដែលជាយន្តការពិគ្រោះ និងផ្តល់យោបល់របស់គណបក្សនយោបាយជូនរាជរដ្ឋាភិបាល ក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាជូនប្រជាជន និងការអភិវឌ្ឍសង្គមជាតិ ប្រកបដោយសក្តានុពល។
ភារកិច្ចចម្បងរបស់ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មានចំនួន៣ រួមមាន៖ ១) ផ្តួចផ្តើមគំនិត ឬផ្តល់យោបល់លើការរៀបចំគោលនយោបាយនានារបស់រាជរដ្ឋាភិបាល, ២) ផ្តួចផ្តើមគំនិតតាក់តែង ឬផ្តល់យោបល់លើការរៀបចំធ្វើសេចក្តីព្រាងច្បាប់ និងសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតរបស់រាជរដ្ឋាភិបាល ក្នុងដំណាក់កាលនៃដំណើរការនីតិវិធីធ្វើច្បាប់ដែលកំពុងស្ថិតក្នុងក្របខណ្ឌអំណាចនីតិប្រតិបត្តិ និង៣) តាមដានដំណើរការអនុវត្តច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលទាំងនៅថ្នាក់ជាតិ ក្រោមជាតិ និងផ្តល់អនុសាសន៍កែលម្អភាពអសកម្ម និងភាពមិនប្រក្រតី។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏មានសិទ្ធិផ្តើមរៀបចំគោលនយោបាយ ដើម្បីស្នើជូននាយករដ្ឋមន្ត្រីពិនិត្យ និងសម្រេច។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានសិទ្ធិផ្តួចផ្តើមគំនិតតាក់តែងរៀបចំធ្វើសេចក្តីព្រាងច្បាប់ និងសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ស្នើជូននាយករដ្ឋមន្ត្រី ដើម្បីពិនិត្យ និងចាត់ចែងប្រគល់ជូនរដ្ឋមន្ត្រីក្រសួង ឬរដ្ឋលេខាធិការដ្ឋានដែលមានសមត្ថកិច្ចជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យ សិក្សា និងផ្តល់យោបល់ជូននាយករដ្ឋមន្ត្រីសម្រេច។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏អាចស្នើ ឬផ្តល់យោបល់ជូននាយករដ្ឋមន្ត្រីអំពីតម្រូវការចាំបាច់ជាក់ស្តែងនៃការរៀបចំតាក់តែងធ្វើវិសោធនកម្មច្បាប់ ឬកែសម្រួលលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ជូននាយករដ្ឋមន្ត្រីពិនិត្យ និងបញ្ជូនទៅរដ្ឋមន្ត្រីក្រសួង ឬរដ្ឋលេខាធិការដ្ឋានពាក់ព័ន្ធ។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់អាចផ្តល់មតិលើសេចក្តីព្រាងច្បាប់ និងសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ដែលរៀបចំដោយក្រសួង ឬរដ្ឋលេខាធិការដ្ឋាន ជូននាយករដ្ឋមន្ត្រីឱ្យបានមុនពេលប្រជុំគណៈរដ្ឋមន្ត្រី។
ក្នុងការបំពេញភារកិច្ច ប្រតិភូគណបក្សនយោបាយជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានសិទ្ធិពេញលេញក្នុងការចុះធ្វើការតាមដានដំណើរការអនុវត្តច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅជួយរកឱ្យឃើញនូវភាពអសកម្ម ភាពមិនប្រក្រតី អំពើពុករលួយ និងការរំលោភបំពានអំណាចពីសំណាក់បុគ្គលជាមន្ត្រី ឬអាជ្ញាធរគ្រប់ផ្នែក និងគ្រប់ថ្នាក់។ ក្នុងការចុះបំពេញការងារនេះ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ប្រើប្រាស់តួនាទីជាទីប្រឹក្សារាជរដ្ឋាភិបាល ដើម្បីឱ្យដំណើរការការងារប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព។
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ក៏អាចដាក់លទ្ធផលនៃការងាររបស់ខ្លួនទៅក្នុងរបៀបវារៈពិគ្រោះ និងផ្តល់យោបល់ក្នុងកិច្ចប្រជុំណាមួយរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ហើយក៏អាចដាក់ជូននាយករដ្ឋមន្ត្រីផ្ទាល់តែម្តង ដើម្បីពិនិត្យ និងសម្រេច។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏អាចលើកយោបល់កែលម្អអំពីភាពអសកម្ម ឬភាពមិនប្រក្រតីជូនាយករដ្ឋមន្ត្រីផងដែរ៕