រដ្ឋមន្ត្រីបរិស្ថាន ឧបត្ថម្ភថវិកាលើកទឹកចិត្តដល់សិស្សប្រឡងជាប់និទ្ទេស A និងសិស្សានុសិស្សប្រឡងបាក់ឌុប នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយអាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់សិស្សដែលប្រឡងជាប់សញ្ញាបត្រទុតិយភូមិ ទទួលបាននិទ្ទេស A ចំនួន៩នាក់ និងសិស្សានុសិស្សសញ្ញាបត្រទុតិយភូមិ សម័យប្រឡងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកទឹកចិត្តសិស្សានុសិស្សទាំងអស់ត្រូវបន្តខិតប្រឹងប្រែងសិក្សារៀនបន្ថែមទៀត ជាពិសេសជំនាញបច្ចេកវិទ្យា និងភាសាបរទេស ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ប្រកបដោយប្រសិទ្ធភាពខ្ពស់ ឆ្ពោះទៅសម្រេចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលប្រែក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តមរដ្ឋមន្ត្រី បានកោតសសើរ និងថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្ស ដែលតែងតែជំរុញលើកទឹកចិត្ត អប់រំកូនក្មួយ ក្នុងការសិក្សារៀនសូត្រ គួបផ្សំ និងការយកចិត្តទុកដាក់ខិតខំបង្ហាត់បង្រៀន អប់រំទូន្មានណែនាំ ឲ្យងខិតខំរៀនសូត្រ ទើបបានទទួលលទ្ធផលផ្លែផ្កាដ៏ល្អនាពេលនេះ ស្របទៅនិងពាក្យស្លោក «អ្នកចេះគឺជាប់»។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងយកចិត្ត និងចាត់ទុកដាក់ លើវិស័យអប់រំ ដែលជាវិស័យអាទិភាព ក្នុងការបង្កើតធនធានមនុស្សដ៏សំខាន់ សម្រាប់ប្រទេសជាតិ និងចូលរួមអបអរសាទរ សប្បាយរីករាយជាមួយក្មួយៗ សិស្សានុសិស្ស ដែលបានប្រឡងជាប់សញ្ញាបត្រទុតិយភូមិ សំរាប់ឆ្នាំសិក្សា២០២២-២០២៣។

នាឱកាសនោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានឧបត្ថម្ភថវិកាជូនប្រធាន អនុប្រធានការិយាអប់រំយុវជន និងកីឡាស្រុក ៣នាក់ ក្នុងម្នាក់ថវិកា ១០ម៉ឺនរៀល, នាយក នាយករងវិទ្យាល័យ ៨នាក់ ក្នុងម្នាក់ ថវិកា១០ម៉ឺនរៀល, លោកគ្រូ អ្នកគ្រូ បង្រៀនវិទ្យាល័យចំនួន១០នាក់ ក្នុងម្នាក់ថវិកា ១០ម៉ឺនរៀល, សិស្សប្រឡងជាប់និទ្ទេស A ចំនួន៩នាក់ ក្នុងម្នាក់ថវិកា ២លានរៀល, សិស្សចំណាត់ថ្នាក់លេខ១ ដល់លេខ៥ ចំនួន២២០នាក់ ក្នុងម្នាក់ថវិកា ១ម៉ឺនរៀល, សិស្សានុសិស្សដែលជាប់ និងធ្លាក់ចំនួន ៤៧០នាក់ ក្នុងម្នាក់ ៥ម៉ឺនរៀល សមាជិកអចិន្ត្រៃយ៍គណបក្សស្រុក ១៧នាក់ ក្នុងម្នាក់ ១០ម៉ឺនរៀល និងមេឃុំទាំង៧ ក្នុងម្នាក់ ១០ម៉ឺនរៀលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds