WA ប្ដេជ្ញាធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា ៣០ឆ្នាំទៀត ក្នុងកិច្ចការពារព្រៃឈើ អភិរក្សជីវៈចម្រុះ

ភ្នំពេញ៖ ថ្លែងក្នុងឱកាសចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយរដ្ឋមន្ត្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ WA ប្ដេជ្ញាចិត្តក្នុងការបន្តជាដៃគូជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេល៣០ឆ្នាំទៅមុខទៀត ក្នុងកិច្ចការពារព្រៃឈើ អភិរក្សជីវៈចម្រុះ និងការជួយសង្គ្រោះដល់សត្វព្រៃនៅកម្ពុជា។

កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត ជម្រាបជូន ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា អំពីសមិទ្ធផលនានាដែលអង្គការសម្រេចបាននៅកម្ពុជា ជាពិសេសជោគជ័យក្នុងការអនុវត្តគម្រោងផ្សេងៗនាពេលកន្លងមក។ ជាមួយគ្នានេះដែរកញ្ញាបណ្ឌិត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានថ្លែងអំណរគុណចំពោះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានអនុញ្ញាតឱ្យកញ្ញា និងសហការីចូលជួបសម្ដែងការគួរសម ព្រមទាំងបានសម្ដែងការអបអរសាទរដែល ឯកឧត្ដមអភិសន្តិបណ្ឌិត ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ជាកិច្ចឆ្លើយតប ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងសហការី ព្រមទាំងបានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃដែលក្នុងរយៈពេលជាង២០ឆ្នាំមកនេះបានដើរតួនាទីយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការពារព្រៃឈើ, អភិរក្សជីវៈចម្រុះ, ការសង្គ្រោះថែទាំសត្វព្រៃព្រមទាំងការជួយជ្រោមជ្រែងដល់សហគមន៍មូលដ្ឋាន។ ឯកឧត្ដមអភិសន្តិបណ្ឌិត ក៏បានសម្ដែងការប្ដេជ្ញាចិត្តបន្តគាំទ្របេសកកម្មរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ព្រមទាំងផ្ដល់កិច្ចសហការសម្របសម្រួលបញ្ហានានា ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ។

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានបង្កើតកម្មវិធីអភិរក្សនៅកម្ពុជាក្នុងឆ្នាំ២០០០ បន្ទាប់ពីអង្គការនេះ បានបង្កើតឡើងកាលពីឆ្នាំ១៩៩៥។ ស្ថាបនិកអង្គការសម្ព័ន្ធមិត្តសត្វព្រៃ លោកស្រី ស៊ូវណ្ណា ហ្គោនឡែត បានចំណាយពេលជាង ២០ឆ្នាំមកហើយ សម្រាប់សកម្មភាពការពារព្រៃឈើ អភិរក្សជីវៈចម្រុះ និងអភិរក្សសត្វព្រៃនៅកម្ពុជា។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានចាប់ដៃគូសហការជាមួយក្រសួងបរិស្ថាន ក្នុងការកសាងសមត្ថភាពរបស់មន្ត្រីអនុរក្សសម្រាប់កិច្ចការពារឧទ្យានជាតិបូកគោ ហើយបានគាំទ្រកិច្ចការអភិរក្ស រួមទាំងការកសាងមជ្ឈមណ្ឌលជាតិអភិរក្ស ការអភិវឌ្ឍកម្មវិធីសិក្សា និងផ្តល់ការបណ្តុះបណ្តាលដល់ឧទ្យាននុរក្សជាច្រើន នាក់នៅទូទាំងប្រទេសកម្ពុជា។

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានចូលរួមចំណែកក្នុងការបង្កើតឱ្យមានគម្រោងរ៉េដបូកជួរភ្នំក្រវាញ ដើម្បីគាំទ្រសត្វបក្សី ថនិកសត្វ និងសត្វល្មូនប្រមាណ៥០ប្រភេទ ដែលរងការគំរាមកំហែង ឬ រងការជិតផុតពូជ និងជំរុញដល់ការលក់ឥណទានកាបូនដោយស្ម័គ្រចិត្ត ព្រមទាំងសកម្មភាពថែរក្សា ការពារ និងអភិរក្សធនធានព្រៃឈើ សត្វព្រៃ ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ក៏ដូចជាការប្រឆាំងការប្រែប្រួលអាកាស ជាដើម៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds