មិនធម្មតា កីឡាការិនី ស្រួង ភាវី ត្រូវអង្គការមួយនៅកូរ៉េអញ្ជើញឲ្យចូលរួមកម្មវិធីមួយ អង្គុយជាប្រធានធិបតីកូរ៉េ
បន្ទាប់ពីត្រូវបានអង្គការមួយនៅក្នុងប្រទេសកូរ៉េ អញ្ជើញកីឡាការិនីស្នូកឃ័រអ្នកនាង ស្រួង ភាវី ឲ្យចូលរួមនៅក្នុងកម្មវិធីមួយ អ្នកនាងបានបង្ហាញភាពសប្បាយរីករាយ និងជាមោទនភាពមួយសម្រាប់អ្នកនាងជាកូនខ្មែរមួយរូប ដែលបានចូលរួមក្នុងកម្មវិធីមួយនេះ ហើយគឺជាមហាកិត្តិយសដ៏ក្រៃលែងសម្រាប់កូនស្រីកម្ពុជាម្នាក់នេះ។
តាមរយៈបណ្តាញទំនាក់ទំនងសង្គមអ្នកនាង ស្រួង ភាវី បានឲ្យដឹងថា អ្នកនាងត្រូវបានទទួលបានការអញ្ជើញពីអង្គការ “កងទ័ពសង្គ្រោះ” ឬហៅថាទាហានសម្រាប់ជួយសង្គ្រោះឲ្យចូលរួមនៅក្នុងកម្មវិធីក្នុងនាមជាទូតសុច្ឆន្ទៈរបស់អង្គការ នៅក្នុងកម្មវិធី (ការបរិច្ចាគ និងការចែករំលែក) ដែលជាព្រឹត្តិការណ៍អញ្ជើញក្រុមរួមគ្នាតាមរយៈការចែករំលែកជាប្រទេសកូរ៉េដ៏កក់ក្ដៅ។
ក្នុងឱកាសនោះ អ្នកនាងបានអោយដឹងថា«នាងខ្ញុំក៏បានថ្លែងទៅកាន់អង្គពិធីថា សម្រាប់រូបនាងខ្ញុំផ្ទាល់ដែលជាស្រ្តីមួយរូបមកពីប្រទេសកម្ពុជា បានដាក់កាយ ដាក់ចិត្ត បេះដូង និងហ៊ានពលីទាំងជីវិតរបស់ខ្ញុំក្នុងការចូលរួមចំណែកជួយសង្គ្រោះដល់មនុស្សក្នុងពិភពលោកយើងនេះដោយពុំមានការរាថយឡើយ។ ពេលនោះក្នុងអង្គពិធីក៏បន្លឺស្នូរទះដៃអបអរសាទរ និងផ្ដល់កម្លាំងចិត្តដល់រូបនាងខ្ញុំ។ ជឿស្ដាប់តាមឱវាទរបស់ព្រះពុទ្ធសាសនា ធ្វើឲ្យខ្ញុំមានពន្លឺនៃជីវិតដល់សព្វថ្ងៃនេះ»។
សូមបញ្ជាក់ផងដែរថា នៅក្នុងកម្មវិធីនេះផងដែរក៏មានការចូលរួមដោយផ្ទាល់ពីប្រធានាធិបតីរបស់ប្រទេសកូរ៉េ និងមានការអញ្ជើញចូលរួមរដ្ឋមន្ត្រីធំៗ បណ្ដាអ្នកអង្គការនានា អ្នកជំនួញធំៗ សិល្បករ សិល្បការិនីល្បីៗលំដាប់ប្រទេស ដែលសុទ្ធតែជាអ្នកចូលរួមជួយសង្គមជាតិ ជួយសង្គ្រោះប្រជាជនតាមរយៈការបរិច្ចាគរបស់ពួកគេ។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះមួយឆ្នាំគេប្រារព្ធធ្វើម្ដងរៀងរាល់ឆ្នាំ ហើយរឹតតែអស្ចារ្យនោះគឺ លោកប្រធានាធិបតីមិនត្រឹមតែបរិច្ចាគនូវតំណាងថវិកាជាតិតែប៉ុណ្ណោះទេ លោកក៏បានបរិច្ចាគថវិកាផ្ទាល់របស់លោក ព្រមទាំងភរិយាក្នុងកិច្ចការនេះផងដែរ៕