កម្ពុជាកើបចំណូលជិត៤ប៊ីលានដុល្លារពីការនាំចេញកសិផលក្នុងរយៈពេល១១ខែឆ្នាំនេះ
រយៈពេល១១ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញកសិផលទៅក្រៅប្រទេសសរុប ៧,៣១៤,១៩០.១២តោន ក្នុងនោះរួមមាន៖ អង្ករចំនួន ៥៩៥,៦៣០.០០តោន ស្រូវចំនួន ២,៤៩៧,០៧៥.០០តោន និងកសិផលក្រៅពីស្រូវ-អង្ករចំនួន ៤,២២១,៤៨៥.១២តោន។ កសិផលទាំងជាង៧,៣លានតោននេះ នាំចេញទៅកាន់ទិសដៅ៧៥ប្រទេស ដោយមានការថយចុះចំនួន -៤.៦០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
របាយការណ៍ដដែល បញ្ជាក់ថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣នេះ តាមការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ ដែលទទួលបានពីការនាំចេញកសិផលមានចំនួនសរុប ៣,៩០៩,៨៦៧,៤១៩.៨៧ដុល្លារអាមេរិក ដែលក្នុងនោះ តម្លៃពីការនាំចេញអង្ករមានចំនួន ៥១៥,២១៩,៩៥០ដុល្លារអាមេរិក តម្លៃពីការនាំចេញស្រូវចំនួន ៨៤០,២៨៥,១២៤ដុល្លារអាមេរិក និងតម្លៃការនាំចេញកសិផលក្រៅពីស្រូវ-អង្ករចំនួន ២,៥៥៤,៣៦២,៣៤៥.៨៧ដុល្លារអាមេរិក។
ក្រៅពីស្រូវនិងអង្ករ កសិផលសំខាន់ៗដែលកម្ពុជានាំចេញរួមមានដូចជា៖ ចំណិតដំឡូងមីក្រៀម ដំឡូងមីស្រស់ ម្សៅដំឡូងមី កាកសំណល់ដំឡូងមី គ្រាប់ស្វាយចន្ទី គ្រាប់ពោត គ្រាប់សណ្ដែកបាយ គ្រាប់សណ្ដែកសៀង ផ្លែចេកស្រស់ ផ្លែស្វាយស្រស់ ដំណាប់ស្វាយ ផ្លែមៀនស្រស់ ដូងប្រេង ម្រេច និងបន្លែចម្រុះជាដើម។
បើតាមអគ្គនាយកដ្ឋានកសិកម្ម អះអាងថា មូលហេតុបណ្ដាលឱ្យការនាំចេញកសិផលក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣នេះ បន្តមានការថយចុះ ដោយសារកត្តាមួយចំនួនដូចជា៖ ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ប៉ាឡេស្ទីន មានឥទ្ធិពលយ៉ាងធំធេងលើលំហូរពាណិជ្ជកម្មសកលដែលបានចុះខ្សោយរួចទៅហើយនោះ។ អត្រាការប្រាក់ខ្ពស់ ទីផ្សារអចលនទ្រព្យចិនដែលតានតឹង និងសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន ក៏បានជះឥទ្ធិពលយ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ចពិភពលោក ជាពិសេសបណ្ដាប្រទេសដែលពឹងផ្អែកជាចម្បងលើការនាំចេញដូចជាកម្ពុជាជាដើម។ មិនតែប៉ុណ្ណោះ ការថយចុះក៏បណ្ដាលមកពីការកត់ត្រាទិន្នន័យនាំចេញមិនបានគ្រប់ជ្រុងជ្រោយ ដែលបណ្ដាលមកពីការដោះដូរពាណិជ្ជកម្មតាមច្រករបៀងដោយមិនប្រើវិញ្ញបនបត្រភូតគាមអនាម័យ។
មូលហេតុចម្បងមួយទៀតនោះ គឺទីផ្សារស្រូវក្នុងប្រទេសកម្ពុជានៅតែមានតម្លៃខ្ពស់ ជាហេតុនាំឱ្យរោងម៉ាស៊ីនកិនស្រូវមួយចំនួនធំប្រមូលទិញស្រូវបានបរិមាណតិច ដោយសាតតម្លៃថ្លៃមិនហ៊ានប្រថុយក្នុងការទិញស្រូវស្តុកទុកសម្រាប់កិនជាអង្ករនាំចេញ។ ប៉ុន្តែ ក្រសួងកសិកម្មកត់សម្គាល់ថា ការនាំចេញស្រូវដោយគ្មានវិញ្ញាបនបត្រភូតគាមអនាម័យទៅប្រទេសវៀតណាមនៅតែមានជាហូរហែ។
ដោយឡែក ចំពោះទីផ្សារអង្ករនាំចេញទៅប្រទេសឥណ្ឌូនេស៊ីវិញ ក្រុមហ៊ុនហ្រ្គីនត្រេដកម្ពុជាសម្រេចបានតាមកិច្ចសន្យាលើកទី១ ក្នុងបរិមាណចំនួន១ម៉ឺនតោន ក្នុងនោះបានត្រួតពិនិត្យ និងចេញវិញ្ញាបនបត្រភូតគាមអនាម័យសម្រាប់ការនាំចេញអង្ករទៅប្រទេសឥណ្ឌូនេស៊ីសម្រាប់ខែតុលា មានចំនួន៦,៥០០តោន និងខែវិច្ឆិកាចំនួន ៣,៥០០តោន។
អគ្គនាយកដ្ឋានកសិកម្មគូសបញ្ជាក់ថា ថ្វីត្បិតតែការនាំចេញកសិផលក្នុងរយៈពេល១១ខែ ឆ្នាំនេះ នៅតែមានបរិមាណតិចជាងរយៈពេល១១ខែឆ្នាំ២០២២ ប៉ុន្តែការនាំចេញមាននិន្នាការកើនឡើងគួរឱ្យកត់សម្គាល់។ ជាក់ស្ដែង ការនាំចេញក្នុងខែវិច្ឆិកា ឆ្នាំ២០២៣នេះ មានបរិមាណចំនួន ១,០៣៧,៥៥២.៣៨តោន កើនឡើងចំនួន ៣៤៦,២៤១.០៣តោន បើធៀបនឹងខែតុលា ឆ្នាំ២០២៣ ដែលមានបរិមាណ ៦៩១,៣១១.៣៥តោន៕