កម្ពុជា មានចក្ខុវិស័យប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ ២០៣០
ភ្នំពេញ៖ ដើម្បីសម្រេចបានចក្ខុវិស័យប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ រាជរដ្ឋាភិបាលកម្ពុជា នៅតែផ្តោតទៅលើមនុស្សជាចម្បង ដែលនឹងជំរុញប្រព័ន្ធគាំពារសង្គមឱ្យមានលក្ខណៈប្រមូលផ្តុំ សង្គតិភាព ប្រសិទ្ធភាព និងចីរភាព ដើម្បីឈរលើស្មារតីមិនបោះបង់ពលរដ្ឋណាម្នាក់ តាមរយៈការផ្តល់កិច្ចអន្តរាគមរបស់រដ្ឋាភិបាល ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ។
ថ្លែងក្នុងពិធីអញ្ជើញប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវគោលនយោបាយជាតិ ពាក់ព័ន្ធកម្មវិធីជាតិជំនួយសង្គម ជាគោលនយោបាយអាទិភាពចុងក្រោយ ក្នុងចំណោមគោលនយោបាយអាទិភាពទាំង៦ ដែលប្រកាសដាក់ឱ្យអនុវត្តន៍នៅក្នុងឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា តាមរយៈការដាក់ចេញគោលនយោបាយស្តីពីក្របខណ្ឌជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ រាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្តពង្រីក និងពង្រឹងវិសាលភាពកម្មវិធីមួយចំនួន ដែលត្រូវធ្វើសមាហរណកម្មក្នុងក្របខណ្ឌអនុវត្តទាំងមូល មានលក្ខណៈស្វ័យប្រវត្តិ ពោលគឺចូលជាកញ្ចប់គ្រួសារ។
សម្តេចបញ្ជាក់បន្ថែមថា «កញ្ចប់គ្រួសារគឺជាបណ្តុំនៃកម្មវិធីជាតិជំនួយសង្គម មានលក្ខណៈអចិន្ត្រៃយ៍សម្រាប់ផ្តល់ផលប្រយោជន៍ដល់គ្រួសារក្រីក្រ និងសមាជិកគ្រួសារនៃជនរងគ្រោះដោយមានកម្មវិធីជាតិជំនួយសង្គមចំនួន៤ ៖ ទី១ កម្មវិធីជួយឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ, ទី២ កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅថ្នាក់បឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ , ទី៣ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព និងទី៤ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរាអាយុ ៦០ឆ្នាំឡើងទៅ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់សម្តេច ហ៊ុន ម៉ាណែត នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “គោលការណ៍ណែនាំស្តីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំស្តីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន” នៅថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០២៣។
បើតាមសម្តេច ហ៊ុន ម៉ាណែត កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារនេះ ជាកម្មវិធីជំនួយសង្គមដែលមានលក្ខណៈប្រក្រតី និងជាទម្រសម្រាប់បន្តជួយទ្រទ្រង់ជីវភាពគ្រួសារក្រីក្រ និងជនងាយរងគ្រោះ បន្ទាប់ពីកម្មវិធីជួយឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធជំងឺកូវីដ-១៩ ត្រូវបិទបញ្ចប់ ដោយចាកចេញបន្តិចម្តងៗ ចាប់ពីខែមករា ឆ្នាំ ២០២៤ ហើយឈានទៅអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារចាប់ពីខែមេសា ឆ្នាំ ២២០២៤តទៅ។
សូមបញ្ជាក់ថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០២៣ រាជរដ្ឋាភិបាល បានចំណាយថវិកាជាតិជាង ១,២ពាន់លានដុល្លារ ក្នុងអំឡុងពេលប្រយុទ្ធកូវីដ-១៩ ដែលជាកម្មវិធីជំនួយសង្គមពិសេស ត្រូវបានដាក់ឱ្យអនុវត្ត ក្នុងគោលបំណងជួយរក្សាលំនឹងជីវភាពគ្រួសារក្រីក្រ និងងាយរងគ្រោះសម្រាប់ពេលមួយគ្រានៃវិបត្តិជំងឺកូវីដ៕