EU ផ្តល់ ៧លានដុល្លារដល់កម្ពុជា ដើម្បីគាំទ្រកំណែទម្រង់វិស័យជលផលនៅកម្ពុជា

ភ្នំពេញ៖ ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយ លោកឌិត ទីណា រដ្ឋមន្ត្រី នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា បានប្រកាសពីការបញ្ចេញជំនួយចំនួន ៦.៣៧៥ លានអឺរ៉ូ ស្មើប្រមាណ ៧លានដុល្លារអាមេរិក ដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) ដើម្បីគាំទ្រដល់វិស័យសំខាន់ៗនៃកំណែទម្រង់ជលផល ដូចជាការត្រួតពិនិត្យ ការគ្រប់គ្រង និងការតាមដាន ការការពារព្រៃលិចទឹក ការអភិរក្សជលផលសមុទ្រ ការផ្ទេរជំនួយដល់សហគមន៍នេសាទ ការស្រាវជ្រាវ និងសុវត្ថិភាពចំណីអាហារ។

 

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប EU ថា «ភាពជាដៃគូរបស់យើងលើវិស័យជលផលមានទំហំធំ និងរឹងមាំ ទោះបីជាមានបញ្ហាប្រឈមខ្លាំងក៏ដោយ។ យើងមានការចាប់អារម្មណ៍ និងត្រៀមខ្លួនជាស្រេច​ដើម្បីគាំទ្រ​ដល់វឌ្ឍនភាព​បន្ថែមទៀតក្នុងវិស័យសុវត្ថិភាពកសិ-ម្ហូបអាហារ ដើម្បីបង្កើនគុណភាពផលិតផលដែលផលិតដោយវិស័យឯកជន និងប្រើប្រាស់ដោយប្រជាជនកម្ពុជាក្នុងប្រទេស ក៏ដូចជាគាំទ្រការបង្កើតការកែច្នៃកម្ពុជា ដើម្បីបំពេញតម្រូវការទីផ្សារក្នុងតំបន់ និងអន្តរជាតិ​។ មធ្យោបាយនេះអាចផ្តល់ឱកាសទីផ្សារថ្មីសម្រាប់ផលិតផលកម្ពុជា និងបង្កើតការងារ»។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានសម្តែងនូវការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការ ក្នុងការចូលរួមអភិវឌ្ឍវិស័យជលផលនៅកម្ពុជា។ លោកថា ក្រសួងចង់ប្រែក្លាយការនេសាទទឹកសាបមកធ្វើវារីវប្បកម្ម ដើម្បីបង្កើនចំណូល ទ្រទ្រង់ជីវភាព និងដើម្បីប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានជលផលឱ្យបានគង់វង្ស។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ប្រាប់ឯកឧត្តមឯកអគ្គរដ្ឋទូតសភាពអឺរ៉ុប អំពីគោលនយោបាយអាទិភាពវិស័យកសិកម្មផ្តោតលើសហគមន៍កសិកម្មទំនើប។ កសិកម្មទំនើប ដែលមានទុន និងធនធានមនុស្ស ដើម្បីសម្របសម្រួលការផលិតផលិតផលកសិកម្មក្នុងទ្រង់ទ្រាយធំ មានគុណភាព សុវត្ថិភាព ដើម្បីឱ្យកសិករបានទទួលបានតម្លៃបន្ថែមខ្ពស់ និងស្របតាមតម្រូវការទីផ្សារ។
បើតាមលោកឌឹត ឌឺណា បញ្ជាក់បន្ថែម អំពីគោលនយោបាយដាក់ព​ង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំ ១.៦០០នាក់ ដែលនឹងជួយកសិករទាំងបច្ចេកទេស និងបញ្ហាប្រឈមផ្សេងៗ បានឆាប់រហ័សទាន់ពេលវេលា និងមានប្រសិទ្ធភាព ព្រមទាំងជំរុញការផលិត និងកែច្នៃផលិតផលកសិកម្មអាទិភាព រួមមាន ដំណាំស្រូវ ស្វាយចន្ទី ម្រេច និងបន្លែ។ មួយវិញទៀត ក្រសួង ក៏បានលើកឡើងអំពីការបង្កើតមន្ទីរពិសោធន៍ថ្នាក់ជាតិតែមួយសម្រាប់គ្រប់អនុវិស័យទាំងអស់ ប្រកបដោយស្តង់ដា ធានាបាននូវការគ្រប់គ្រងជំងឺឆ្លង គុណភាព សុវត្ថិភាពផលិតផល និងសុខភាពអ្នកទទួលទាន៕
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds