EU ផ្តល់ថវិកាជួយគាំទ្រដំណើរការប្រព្រឹត្តទៅរបស់សហគមន៍នេសាទ និងស្រះជម្រកត្រី ប្រមាណ២៥០

ភ្នំពេញ ៖ ដើម្បីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាពនិងបរិយាបន្ន (CAPFISH-Capture) សហភាពអឺរ៉ុប បានសម្រេចផ្តល់ថវិកាជួយគាំទ្រដំណើរការប្រព្រឹត្តនិងអនុវត្តផែនការសកម្មភាពរបស់សហគមន៍នេសាទនិងសហគមន៍ស្រះជម្រកត្រី នៅកម្ពុជាចាប់ពីឆ្នាំ២០២0​ មកដល់បច្ចុប្បន្ន ក្នុងគោលដៅគ្រប់គ្រងធនធានជលផល តាមរយៈការចូលរួមដោយប្រជាពលរដ្ឋសហគមន៍មូលដ្ឋាន។​

ថ្លែងនៅក្នុងសិក្ខាសាលាស្តីពី«គោលការណ៍ណែនាំការគ្រប់គ្រងថវិកាសម្រាប់ដំណើរការ អភិវឌ្ឍន៍សហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រី» នៅថ្ងៃទី៤ ខែធ្នូ នេះលោក EVERAERT Koen អនុប្រធានផ្នែកសហប្រតិបត្តិការនៃសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា បានអោយដឹងថា“ចាប់តាំងពីឆ្នាំ២០២០មក សហភាពអឺរ៉ុប បានផ្តល់ថវិកាចំនួន៤លានរៀល ដល់សហគមន៍នីមួយៗ។ ក្នុងនោះសហគមន៍ចំនួន១៥០ បានទទួលថវិកាក្នុងឆ្នាំ២០២០ និងបានបង្កើនចំនួនសហគមន៍ដល់២៥០ ក្នុងការទទួលបានថវិកា ដែលក្នុងនោះមាន១៥០សហគមន៍នេសាទនៅ១៥ខេត្តគោលដៅដែលស្ថិតក្រោមការសម្របសម្រួលដោយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ និង១០០សហគមន៍ស្រះជម្រកត្រី នៅ១១ខេត្តគោលដៅដែលស្ថិតក្រោមការសម្របសម្រួលដោយនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម។ ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣នេះ យើងបានបន្តផ្តល់ថវិកាជូនសហគមន៍ចំនួន២៥០ដដែល”។

លោកថា «ការផ្តល់ថវិកាជូនសហគមន៍នេសាទទាំងនេះ បានដើរតួយ៉ាងសំខាន់ក្នុងការជួយជំរុញការចូលរួម បង្កលទ្ធភាពការបំពេញ តួនាទីភារកិច្ចរបស់សហគមន៍ និងលើកទឹកចិត្តសហគមន៍ក្នុងការចូលរួមគ្រប់គ្រង និងអភិរក្សដោយសហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រី។ ការផ្តល់ថវិកានេះ មានសារៈសំខាន់ណាស់ក្នុងការគាំទ្រដល់ការការពារត្រីមេពូជ ការបង្កើត និងការការពារកន្លែងអភិរក្សជលផលក្នុងសហគមន៍នេសាទ (រួមទាំងការដាក់ស្លាកសញ្ញាកន្លែងអភិរក្សជលផល ការបោះបង្គោលកន្លែងសហគមន៍នេសាទ និងកន្លែងអភិរក្សជលផលជាដើម) ដែលថវិកាទាំងនេះជួយគណៈកម្មការសហគមន៍ឱ្យមានសម្ភារៈចាំបាច់សំខាន់ៗសម្រាប់បម្រើការងារល្បាតជលផល និងការស្តារជម្រកត្រីមេពូជ និងប្រភេទវារីវប្បកម្មផ្សេងៗទៀត។

ដោយឡែកលោកពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានអោយដឹងថា “សហគមន៍នេសាទមានវិសាលភាពគ្របដណ្តប់លើភាគច្រើននៃតំបន់គ្រប់គ្រងជលផលទាំងនៅទឹកសាប និងតំបន់ឆ្នេរ ចំណែកសហគមន៍ស្រះជម្រកត្រីត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងស្រះរួមនៅតាមភូមិឃុំដើម្បីអភិរក្សត្រីមេពូជនៅរដូវប្រាំង ដែលត្រីមេពូជទាំងនេះពងកូន និងធំធាត់ដោយ តភ្ជាប់ទៅតំបន់វាលស្រែ និងវាលទំនាបនៅរដូវវស្សា។ សហគមន៍នេសាទ ដើរតួនាទីយ៉ាងសំខាន់ណាស់ ក្នុងការចូលរួមការអភិរក្ស ការការពារ ការគ្រប់គ្រង និងការអភិវឌ្ឍធនធានជលផលនៅកម្ពុជាឱ្យមាននិរន្តរភាព ដែលទាមទារឱ្យ សហគមន៍មានសមត្ថភាព ភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន។ លោកថា «បើគ្មានការចូលរួមពីប្រជាពលរដ្ឋមូលដ្ឋាន តាមរយៈសហគមន៍នេសាទនិងសហគមន៍ស្រះជម្រកត្រីនោះទេ ការអភិរក្ស ការការពារ ការគ្រប់គ្រង និងការអភិវឌ្ឍធនធានជលផលនៅកម្ពុជាមិនអាចសម្រេចបានដោយជោគជ័យដោយរលូន និងមាននិរន្តរភាពបានឡើយ»

ចំណែលលោក David Brown ប្រធានទីប្រឹក្សាបច្ចេកទេសនៃអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ បានមានប្រសាសន៍ថា “គោលការណ៍ណែនាំនេះ បានអនុម័តដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ និងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនាថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០២១ បានអនុញ្ញាតឱ្យរដ្ឋបាលជលផលអនុវត្តការផ្តល់ថវិកាជូនសហគមន៍នេសាទ និង សហគមន៍ស្រះជម្រកត្រី”។ លោកបានមានប្រសាសន៍បន្ថែមទៀតថា “វគ្គបណ្តុះបណ្តាលបានផ្តល់ការណែនាំក្នុងការស្វែងរកថវិកា នីតិវិធីប្រើប្រាស់ថវិកា និងការរៀបចំរបាយការណ៍អំពីលទ្ធផលសកម្មភាពការងារ និងការចំណាយថវិកាជាដើម”៕អាចជារូបភាពនៃ 6 នាក់, ជើងតម្កល់ និង អត្ថបទអាចជារូបភាពនៃ 6 នាក់ និង តុអាចជារូបភាពនៃ 12 នាក់អាចជារូបភាពនៃ 6 នាក់, ជើងតម្កល់ និង អត្ថបទអាចជារូបភាពនៃ 1​ នាក់, ជើងតម្កល់ និង អក្សរ​ដែល​និយាយថា 'P

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds