ព្រឹទ្ធសភា នឹងពិនិត្យហើយឲ្យយោបល់សេចក្តីព្រាងច្បាប់ ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង់ឆ្នាំ២០២៤ នៅថ្ងៃស្អែក

ភ្នំពេញ៖ ព្រឹទ្ធសភាជាតិ បានកំណត់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីពិនិត្យ ហើយឲ្យយោបល់ទៅលើសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង់ ឆ្នាំ២០២៤ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី១១ ព្រឹទ្ធសភានីតិកាលទី៤។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភាជាតិនៅថ្ងៃ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

នៅព្រឹកនេះផងដែរគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បានប្រជុំក្រោមអធិបតីភាពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អនុប្រធានទី១ព្រឹទ្ធសភាជាតិ ដោយមានរបៀបវារៈចំនួន៤ ក្នុងនោះមានការពិនិត្យ និង សម្រេចលើសំណើ របស់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម សុំដាក់សេចក្តីព្រាង ច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី១១ ព្រឹទ្ធសភានីតិកាលទី៤ និងបានពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ។

សេចក្តីប្រកាសព័ត៌មានបន្តថា កិច្ចប្រជុំបានពិនិត្យ និងសម្រេចលើសំណើ របស់គណៈកម្មការ​សាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ​ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សុំដាក់សេចក្តីព្រាងច្បាស់ស្តីពី ការអនុម័ត​យល់ព្រម លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រ​កម្ពុជា និងរដ្ឋាភិបាលនៃអេមីរ៉ាតអារ៉ាប់រួម ទៅក្នុងរបៀបវារៈសម័យប្រជុំលើក​ទី១១ ព្រឹទ្ធសភានីតិកាលទី៤ ។

ប្រភពបានបញ្ជាក់ថា បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍​ព្រឹទ្ធសភាបានកំណត់យកថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ដើម្បីបន្តសម័យប្រជុំលើកទី១១ ព្រឹទ្ធសភា​នីតិកាលទី៤ ដើម្បីពិនិត្យ ហើយឱ្យយោបល់លើ​សេចក្តីព្រាងច្បាប់ទាំងបីខាងលើនេះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds