ធនាគារពិភពលោកផ្ដល់ជំនួយ១៦៣លានដុល្លារដល់កម្ពុជាពង្រឹងសេវាផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ

ធនាគាពិភពលោក(World Bank)បានប្រកាស​ផ្តល់​ជំនួយជាទឹកប្រាក់ចំនួន ១៦៣លានដុល្លារអាមេរិកដល់​កម្ពុជា​ ដើម្បី​ពង្រឹង​សេវា​ផ្គត់​ផ្គង់​ទឹក​ស្អាត និង​​អនាម័យ ដែលនឹងផ្ដល់អត្ថប្រយោជន៍​ដល់​ប្រជាជនជាង ១៧៥,០០០​នាក់​ នៅក្នុង​ខេត្តចំនួន៤។ នេះបើតាមការបញ្ជាក់​តាមរយៈគេហទំព័រផ្លូវការរបស់ធនាគារពិភពលោកប្រចាំនៅកម្ពុជានៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។

​​ធនាគារពិភពលោកប្រចាំនៅកម្ពុជា បានកត់សម្គាល់ថា៖ ថ្វី​ត្បិត​ប្រទេស​កម្ពុជា​មាន​ភាពរីកចម្រើន​នៅ​ក្នុង​ការ​បង្កើន​លទ្ធភា​ពទទួល​បាន​ទឹក​ស្អាត និង​​អនាម័យ​ ប៉ុន្តែក៏នៅមាន​ភាពចាំបាច់បន្ថែមទៀត​ដែលត្រូវបន្តធ្វើ ​ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​ទី៦ នៃ​គោលដៅអភិវឌ្ឍន៍​ប្រកប​ដោយ​ចីរ​ភាព របស់​អង្គការ​សហ​ប្រជាជាតិ (SDG 6) ស្តីពីទឹក​ស្អាត​ និង​អនាម័យ​ត្រឹម​ឆ្នាំ​២០៣០។ ធនាគារពិភពលោកឱ្យដឹងថា៖ គិត​ត្រឹម​ឆ្នាំ២០២២ មានមិនដល់មួយភាគបីឡើយនៃប្រជាជនកម្ពុជា​ ដែល​មានលទ្ធភាព​ទទួល​បាន​ការ​ផ្គត់​ផ្គង់​ទឹក​​ដែល​មាន​ការ​គ្រប់​គ្រង​ដោយ​សុវត្ថិភាព ហើយ​មានលើសមួយភាគបីបន្តិចប៉ុណ្ណោះ​ ដែល​មាន​លទ្ធ​ភាពប្រើ​ប្រាស់សេវា​​អនាម័យ​ដែល​មាន​ការ​គ្រប់​គ្រង់​បាន​ល្អ។

លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា មាន​លើកឡើងថា៖ កិច្ច​គាំ​ទ្រ​លើការពង្រឹងសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនេះ ​នឹង​ជួយ​រដ្ឋា​ភិបាលកម្ពុជាក្នុង​ការ​កសាងគ្រឹះរឹងមាំមួយ សម្រាប់​ផ្តល់​សេវា​ចាំ​បាច់​ទាំងនេះទៅដល់​ប្រ​ជា​ជន​ ហើយ​វា​នឹង​នាំ​មក​នូវ​អត្ថប្រយោជន៍ភ្លាមៗដល់ស្ត្រី និង​អ្នក​ក្រីក្រនៅតាមទីជនបទ ដែលបច្ចុប្បន្ន​មិនទាន់ទទួលបានសេវាទាំងនេះ។

លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ចាត់ទុកការ​ផ្គត់​ផ្គង់​ទឹក​ស្អាត​ជា​វិស័យ​អាទិភាពមួយ សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយភាពធន់ និង​​ចីរភាព និងសម្រាប់​ការ​ពង្រឹង​សេដ្ឋកិច្ច។ ​លោកថា៖ គម្រោងនេះនឹង​ជួយ​រដ្ឋា​ភិបាល​ក្នុង​ការ​អនុវត្តចក្ខុវិស័យ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍រួមរបស់ខ្លួន ហើយ​យើង​ប្តេជ្ញាថា​និង​ធានា​ឱ្យ​មាន​កំណើន​ប្រកបដោយចីរភាព នៅ​ក្នុង​វិស័យនេះ ក៏ដូចជា​ក្នុង​ការឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDG 6)ឱ្យ​បាន​ផងដែរ។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍

ចំណែក លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និង​ដឹកជញ្ជូន លើកឡើងថា៖ រដ្ឋា​ភិបាល​កម្ពុជា ផ្តល់​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​​ទៅលើ​ការ​គ្រប់​គ្រង​សំណល់​ទឹក​កខ្វក់ និង​ភក់សំណល់​បង្គន់ ដូច្នេះ ការវិនិយោគ​ទៅលើ​ប្រព័ន្ធ​អនាម័យ​ក្រោ​ម​គម្រោងនេះ ពិត​ជា​មាន​សារៈសំខាន់ខ្លាំងណាស់​សម្រាប់​ធានាឱ្យ​បាន​នូវនិរន្តរភាព​​របស់​សេវា​អនា​ម័យ ដែល​នឹង​ធ្វើ​ឱ្យ​វិស័យ​នេះ​មាន​ការ​វិវឌ្ឍ​ប្រែ​ប្រួល​ជា​វិជ្ជមានទៅថ្ងៃមុខ។

លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និង​ដឹកជញ្ជូន

សូមបញ្ជាក់ថា គម្រោងពង្រឹងសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនេះ គឺក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ជា​ភាគីអនុវត្តន៍​សកម្មភាព​ពាក់​ព័ន្ធ​ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត ចំណែកឯក្រសួងសាធារណការ និង​ដឹកជញ្ជូន ជា​ភាគី​អនុវត្ត​សកម្មភាព​សេវា​អនាម័យ​ទីក្រុង។ ខេត្ត​ទាំង​បួន​ដែល​ជា​គោលដៅ​របស់​គម្រោងនេះរួម​មាន៖ ខេត្ត​បាត់ដំបង ពោធិ៍សាត់ មណ្ឌលគិរី និង​ខេត្តកណ្តាល។

គម្រោងពង្រឹងការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (Water Supply and Sanitation Acceleration Project) មានរយៈពេល៦ឆ្នាំ នឹងជួយដល់សកម្មភាពនានារបស់រដ្ឋាភិបាល នៅក្នុងការបង្កើនលទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ការកែលម្អប្រតិបត្តិការ និងការថែទាំប្រព័ន្ធទឹកស្អាតនិងអនាម័យដែលមាននាពេលបច្ចុប្បន្ន និងក្នុងការធានាដល់ចីរភាពរបស់សេវាទាំងនេះ។ គម្រោងនេះមានសកម្មភាពមួយសម្រាប់បង្កើនការវិនិយោគហិរញ្ញវត្ថុឱ្យអស់លទ្ធភាពសម្រាប់ការអភិវឌ្ឍ ដោយធ្វើការជាមួយប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន ដែលកំពុង និងបានចូលរួមចំណែកជាងពាក់កណ្តាលនៃបណ្តាញទុយោទឹកទាំងអស់នៅកម្ពុជា នៅក្នុងការកៀរគរធនធានចំនួនប្រមាណប្រហែល ១៧,៦លានដុល្លារអាមេរិកបន្ថែមទៀត ពីប្រភពឯកជន សម្រាប់ពង្រីកការផ្គត់ផ្គង់សេវាទឹកស្អាត៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds