តុលាការខេត្ដកំពង់ស្ពឺចេញដីកាចាប់ខ្លួនមេខ្លោងបាញ់បោះសេរីនៅលើភ្នំគិរីរម្យ
សាលាដំបូងខេត្ដកំពង់ស្ពឺ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនបុគ្គលម្នាក់ ដែលជាមេខ្លោងពាក់ព័ន្ធនឹងបទប្រើប្រាស់អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវដោយគ្មានការអនុញ្ញាត ប្រព្រឹត្ដនៅចំណុចចម្ការតែមួយកន្លែងលើភ្នំគិរីរម្យ ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី១១ដល់ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់ក្នុងដីកាចុះហត្ថលេខានៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្នុងដីកាដែលចុះហត្ថលេខាដោយលោកចៅក្រម សេង រិទ្ធី បានបញ្ជាក់ថា បុគ្គលខាងលើមានឈ្មោះ កង តារាវិឆៃ អាយុ៣២ឆ្នាំ ជាមន្ដ្រីនគរបាល បច្ចុប្បន្នរស់នៅភូមិព្រែកតាគង់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រោយប្រព្រឹត្ដបទល្មើសជនត្រូវចោទបានរត់គេចខ្លួន មិនដឹងជារស់នៅទីណា ដូច្នេះសាលាដំបូងខេត្ដកំពុងស្ពឺបញ្ជាដល់កងកម្លាំងសាធារណៈឱ្យស្រាវជ្រាវ និងនាំខ្លួនឈ្មោះខាងលើមកប្រគល់ជូនសាលាដំបូងខេត្ដកំពង់ស្ពឺ ដើម្បីចាត់ការតាមច្បាប់។ បន្ថែមលើនេះ សាលាដំបូងខេត្ដកំពង់ស្ពឺក៏បញ្ជាដល់ប្រធានពន្ធនាគារ ឬមណ្ឌលឃុំខ្លួនឱ្យទទួល និងឃុំខ្លួនបុគ្គលនេះ និងត្រូវនាំទៅបង្ហាញដល់ចៅក្រមស៊ើបសួរក្នុងរយៈពេលយ៉ាងខ្លីបំផុត។
សូមជម្រាបថា សមត្ថកិច្ចក៏ឃាត់ខ្លួនបានជនសង្ស័យក្នុងករណីបាញ់បោះនេះ និងត្រូវបានចោទប្រកាន់ចំនួន៤រូបផងដែរគឺ ១-ឈ្មោះ ស៊ឹម សុវណ្ណារិទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ, ២-ឈ្មោះ ប៊ិន ភារម្យ ភេទប្រុស អាយុ៤០ឆ្នាំ, ៣-ឈ្មោះ ប៊ិន ភាលុច ភេទប្រុស អាយុ៣៤ឆ្នាំ, ៤-ឈ្មោះ ឈិត លីហៀង ភេទប្រុស អាយុ៣២ឆ្នាំ។
គួររំលឹកថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៦និង៣០នាទីរសៀល នៅចំណុចចម្ការតែលើភ្នំគិរីរម្យស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានមនុស្សមួយក្រុមមានគ្នាប្រមាណ២០នាក់ ជួបជុំផឹកស៊ី ច្រៀងរាំ រួចក៏ស្រាប់តែបានផ្ទុះអាវុធជាច្រើនគ្រាប់នៅកន្លែងកម្មវិធី ដោយបាញ់ឡើងទៅលើ។ ការផ្ទុះអាវុធនេះបន្តរហូតដល់ម៉ោង០៦និង០០នាទីព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ទើបអ្នកទាំងអស់នោះបញ្ឈប់ការបាញ់បោះសប្បាយ និងគេចចេញពីកន្លែងកើតហេតុ។
នៅកន្លែងកើតហេតុ បានបន្សល់នូវវត្ថុតាងជាសំបកគ្រាប់បាញ់រួចមានចំនួន២០៣គ្រាប់ ដោយសំបកគ្រាប់កាំភ្លើងខ្លីចំនួន១១២សំបក, សំបកគ្រាប់កាំភ្លើងប្រភេទ M16 ចំនួន៣៦សំបក និងសំបកគ្រាប់កាំភ្លើងប្រភេទAK47 ចំនួន៥៥សំបក ក្នុងនោះក៏មានស្រោមកាំភ្លើងខ្លីមួយ៕