ខេត្តចំនួន៦ និងស្ថាប័នធំៗ ចំនួន២ ចុះ MOU ជាមួយក្រសួងបរិស្ថាន ដើម្បីចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក
កំពត ៖ ខេត្តចំនួន៦ទៀត រួមមាន ខេត្តកំពត, កែប, ព្រះសីហនុ, កោះកុង, កំពង់ស្ពឺ និងតាកែវ សមាគមកាយឫទ្ធិនារីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានចុះអនុស្សារណៈ យោគយល់គ្នា (MOU) ជាមួយក្រសួងបរិស្ថាន និងបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។
ថ្លែងក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងពិធីចុះអនុស្សរណៈយោគយល់រវាងក្រសួងបរិស្ថាន ជាមួយរដ្ឋបាលខេត្តចំនួន៦ និងសមាគមកាយឫទ្ធិនារីកម្ពុជា និងសហភាពសហព័ន្ធ យុវជនកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអោយដឹងថា យុទ្ធនាការនេះ គឺជាសក្ខីភាពនៃការគាំទ្រនិងការជំរុញអនុវត្ត កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា និងយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ដែលបានចាត់ ទុកការកែទម្រង់ការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាន ជាការងារអាទិភាពមួយ ក្នុងចំណោមការងារអាទិភាពរបស់រាជរដ្ឋាភិបាល ហើយបានដាក់បញ្ចូលនូវក្របខណ្ឌការងាររបស់ក្រសួងបរិស្ថាន។
លោកបណ្ឌិតបន្ថែមថា ការងាក្របខណ្ឌការងាររបស់ក្រសួងបរិស្ថាន ចំនួន៥ រួមមាន៖ ការកាត់បន្ថយការបំពុលបរិស្ថាន, ការពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ, ការអប់រំផ្សព្វផ្សាយបរិស្ថាន និងការប្រែប្រួលអាកាសធាតុ, ទំនើបកម្មរដ្ឋបាល និងហិរញ្ញវត្ថុប្រកបដោយចីរភាព, និងការលើកកម្ពស់ការទូតបៃតង។ ដើម្បីឈានទៅសម្រេចបាននូវក្របខណ្ឌ ការងារទាំង៥ នេះ ក្រសួងបរិស្ថានបានដាក់ចេញនូវការងារអាទិភាពចំនួន ៣ ដែល ត្រូវជំរុញក្នុងរយៈពេល ១០០ ថ្ងៃ ដំបូង រួមមាន៖ ទី១ ការប្រយុទ្ធប្រឆាំងនឹងសំរាម សំណល់រឹងទីប្រជុំជន ជាពិសេសសំណល់ប្លាស្ទិក, ទី២ ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដែលយកចិត្តទុកជាសំខាន់ គឺជំរុញការបណ្តុះនិងដាំកូនឈើ សំដៅបង្កើនគម្របព្រៃឱ្យដល់៦០% នៅឆ្នាំ២០៥០ និង ទី៣ ការបង្កើនទេសចរណ៍ធម្មជាតិ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន សំដៅធានាបាននូវសហគមន៍ចីរភាពនិងអព្យាក្រឹត្យកាបូន។
ដោយឡែកលោកនៃ គង់ អភិបាលរងខេត្តកំពត បានអោយដឹងថា សម្រាប់ខេត្តកំពតដែលមានសាលារៀនសរុបចំនួន ៤៣៨សាលា មានលោកគ្រូ អ្នកគ្រូ សរុបចំនួនជិត៦ពាន់នាក់ និងសិស្សានុសិស្សសរុបចំនួនជាង ១៣ម៉ឺននាក់ បាននឹងកំពុងចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះជាប្រចាំ ដោយបានស្រែកប្តេជ្ញាថា «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា» និង«លាហើយប្លាស្ទិក» គិតត្រឹមពេលនេះបានចំនួនជាង ២០០០លើក ស្មើនឹងអ្នកចូលរួមសរុបជិត៦០ម៉ឺននាក់។ លោកថា យុទ្ធនាការនេះពិតជាមានសារៈសំខាន់ និងបានបំផុសនៅចលនាចូលរួមរបស់ក្មេងៗជំនាន់ក្រោយឱ្យមានការយល់ដឹង និងអនុវត្ត ដើម្បីធ្វើឱ្យតាមសាលារៀន ដងផ្លូវ ទីសាធារណៈ តំបន់សហគមន៍ កន្លែងទេសចរណ៍ ជាកន្លែងដែលស្អាត និងគ្មានការប្រើប្រាស់ថង់ប្លាស្ទិក។
លោកថា ដោយសារតែកំណើននៃការផលិត ចែកចាយ ប្រើប្រាស់ និងបោះចោល មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ បង្កឱ្យពិភពលោកមានការព្រួយបារម្ភចំពោះបញ្ហានេះ ថ្វីត្បិតតែប្លាស្ទិកផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ដល់មនុស្សមែនតែវាក៏មានគុណវិបត្តិជាច្រើននៅពេលក្លាយជាសំណល់ដោយសារវាត្រូវការរយៈពេលរាប់រយពាន់ឆ្នាំទើបពុកផុយជាពិសេសប្លាស្ទិកចុងក្រោយបានហូរចូលទៅក្នុងទឹកសមុទ្រដែលធ្វើឱ្យប៉ះពាល់ជីវចម្រុះ ធនធានធម្មជាតិ និងគុណភាពទឹក។ ដោយសារមើលឃើញពីផលវិបាកទាំងអស់នេះ រដ្ឋបាលខេត្តកំពតសូមគាំទ្រ និងលើកទឹកចិត្ត នូវសកម្មភាពយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះ ដើម្បីធានាបាននូវអនាម័យ បរិស្ថាន សោភណ្ឌភាពស្អាត ដោយគ្មានសំណល់ប្លាស្ទិក ខ្ញុំសូមស្នើដល់សាលារៀន សហគមន៍ រោងចក្រ សហគ្រាស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ចូលរួម និងបន្តចូលរួមអនុវត្តយុទ្ធនាការនេះជាប្រចាំ ដើម្បីបរិស្ថានកម្ពុជាយើង។
សូមបញ្ជាក់ថា បើបូករួមជាមួយខេត្តចំនួន ៦ទៀត គ្រោងនឹងចុះអនុស្សារណៈយោគយល់គ្នា ជាមួយក្រសួងបរិស្ថាន ស្តីពីយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ គឺមានខេត្តចំនួន ១៣ហើយ មានដូចជា ៖ ខេត្តកំពង់ឆ្នាំង, កណ្តាល, ពោធិ៍សាត់, ក្រចេះ, ស្ទឹងត្រែង, រតនគិរី, មណ្ឌលគិរី, កំពត, កែប, ព្រះសីហនុ, កោះកុង, កំពង់ស្ពឺ និងតាកែវ។ ដោយឡែក ស្ថាប័នធំៗ ចំនួន៥ហើយ ដែលបាននិងកំពុងគ្រោងចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រសួងបរិស្ថានផងដែរ រួមមាន កាកបាទក្រហមកម្ពុជា កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP), អង្គការស្បៀងអាហារពិភពលោក (UNFAO), សមាគមកាយឫទ្ធិនារីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)៕