រយៈពេល៨០ថ្ងៃ ពលរដ្ឋជិត៣លាននាក់ប្តេជ្ញាចិត្តចូលរួម ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក
កំពត៖ ក្នុងរយៈពេល៨០ថ្ងៃ គិតមកត្រឹមថ្ងៃទី១៩ ខែវិច្ឆិកានេះ គឺមានអ្នកស្ម័គ្រចិត្តចូលរួម ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកជិត៣លានអង្គ/នាក់ ដែលក្នុងនោះ លោកគ្រូ អ្នកគ្រូជាង ១១ ម៉ឺននាក់ សិស្សានុសិស្សសរុបចំនួនជាង ២ ៨ម៉ឺននាក់ នៃសាលារៀនជាង ៦ ពាន់សាលា និងកម្មករ/និយោជក ព្រះសង្ឈ និង ប្រជាពលរដ្ឋ នៅតាមបណ្តារោងចក្រ សហគ្រាស វត្តអារាម និងសហគមនានា។
ថ្លែងក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងពិធីចុះអនុស្សរណៈយោគយល់រវាងក្រសួងបរិស្ថាន ជាមួយរដ្ឋបាលខេត្តចំនួន៦ និងសមាគមកាយឫទ្ធិនារីកម្ពុជា និងសហភាពសហព័ន្ធ យុវជនកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអោយដឹងថា ការប្រើប្រាស់សម្ភារប្លាស្ទិកនៅលើពិភពលោក បាននិងកំពុងបង្កជាបញ្ហាដល់បរិស្ថាន និងសុខុមាលភាពមនុស្ស សត្វលើភពផែនដី។ មកទល់ឆ្នាំ ២០២២ នៅទូទាំងពិភពលោកបានផលិត និងប្រើប្រាស់សម្ភារប្លាស្ទិកជាង ៩,៥ ពាន់លានតោន ក្នុងអត្រាកំណើន ៣% ជារៀងរាល់ឆ្នាំ។
លោកបណ្ឌិតបន្ថែមថា ក្រោយពីការប្រើប្រាស់ សំណល់ប្លាស្ទិកប្រមាណ ៩% នៃបរិមាណសំណល់ប្លាស្ទិកសរុប ដែលបានយកមកកែច្នៃផលិតឡើងវិញ រីឯសំណល់ប្លាស្ទិក ៩១% ទៀត ត្រូវបានយកទៅទីលានទុកដាក់សំរាម ឬ ដុតចោល និងចោលរាយប៉ាយតាមទីវាល រួចបន្តធ្លាក់ចូលទៅក្នុងប្រភពទឹកហូរចាក់ចូលទៅក្នុងសមុទ្រប្រមាណជាង ៨ លានតោនក្នុង១ឆ្នាំ។ លោកថា «ការបង្កើតសំណល់ប្លាស្ទិកក្នុងបរិមាណដ៏ច្រើន គួបផ្សំនឹងវិធានការគ្រប់គ្រងនៅមានកម្រិត បានបង្កបញ្ហាបរិស្ថាន ជាច្រើន ដូចជា៖ ការបំពុលខ្យល់ ការបំភាយឧស្ម័នផ្ទះកញ្ចក់ ដោយការដុតសំណល់ប្លាស្ទិក ការប៉ះពាល់សុខភាពមនុស្ស-សត្វដោយកំណើនវត្តមានពពួកមីក្រូប្លាស្ទិកក្នុងប្រភពទឹក និងការបង្កគ្រោះថ្នាក់ដល់ជីវៈចម្រុះពីសំណល់ប្លាស្ទិកយ៉ាងច្រើននៅក្នុងសមុទ្រ និងមហាសមុទ្រ»។
ដោយឡែក នៅកម្ពុជា កត្តារីកចម្រើននៃសេដ្ឋកិច្ចជាតិ កំណើនជីវភាពរបស់ប្រជា- ពលរដ្ឋ គួបផ្សំនឹងភាពស៊ីវិល័យរបស់សង្គមនិងការរស់នៅ បានធ្វើឱ្យការប្រើប្រាស់ សម្ភារប្លាស្ទិកមានកើនឡើងក្នុងកម្រិតខ្ពស់ ពិសេសថង់ប្លាស្ទិក ដែលប្រជាជនកម្ពុជា ម្នាក់ប្រើថង់ប្លាស្ទិកជាមធ្យម ៤ ថង់ក្នុង១ថ្ងៃ គឺប្រមាណជា ៥៥ លានថង់ប្លាសិក ប្រើប្រាស់ក្នុង១ថ្ងៃនៅកម្ពុជា។ ក្រៅពីថង់ប្លាស្ទិក នៅមានសម្ភារប្លាស្ទិកប្រើក្នុងសេវាអាហារនិងភេសជ្ជៈ ដូចជា ចាន ប្រអប់ស្នោរ កែវ ស្លាបព្រា សម កាំបិត បំពង់បឺត ប្រអប់ជ័រ ដែលកំពុងពេញនិយមប្រើប្រាស់កាន់តែច្រើនឡើងៗ។
លោករដ្ឋមន្ត្រីបន្ថេមថា ដើម្បីឆ្លើយតបនឹងកំណើនខ្លាំងនៃការប្រើប្រាស់សម្ភារប្លាស្ទិក ពិសេសថង់ប្លាស្ទិក ក៏ដូចជា ដោះស្រាយបញ្ហាបំពុលដោយប្លាស្ទិក នាពេលកន្លងមកនេះ ក្រសួងបរិស្ថាន ដោយមានកិច្ចសហការជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធបានដាក់ចេញវិធានការនានា ដូចជា៖ ការរឹតបន្តឹងលើការនាំចូល ការផលិត និងការប្រើប្រាស់ថង់ប្លាស្ទិក តាមរយៈការកំណត់លក្ខខណ្ឌអនុញ្ញាត ការបង្កើនអាករពិសេសលើការនាំចូល ការគិតថ្លៃ៤០០រៀលក្នុង១ថង់ លើអ្នកប្រើថង់ប្លាស្ទិកនៅតាមផ្សារទំនើប រួមនឹងវិធានការអប់រំ ផ្សព្វផ្សាយ ក្នុងគោលបំណងឱ្យមានការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក៕