ប្រយ័ត្នហួសថ្ងៃ!ម្ចាស់យានយន្តសូមប្រញាប់ទៅបង់ពន្ធព្រោះថ្ងៃផុតកំណត់គឺត្រឹមថ្ងៃទី៣០វិច្ឆិកា
អគ្គនាយកដ្ឋានពន្ធដារបានប្រកាសក្រើនរម្លឹកដល់ប្រជាពលរដ្ឋជាម្ចាស់យានយន្តមួយចំនួនដែលនៅមិនទាន់បានទៅបង់ពន្ធឱ្យប្រញាប់រួសរាន់ទៅដាក់លិខិតប្រកាសបង់ពន្ធឱ្យបានទាន់ពេលវេលា ខណៈថ្ងៃផុតកំណត់នៃការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៣កាន់តែខិតជិតមកដល់ ពោលគឺផុតកំណត់នៅត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
អគ្គនាយកដ្ឋានពន្ធដារបានសង្កេតឃើញថា ម្ចាស់យានយន្តភាគច្រើនបានប្រកាសបង់ពន្ធរួចរាល់ ប៉ុន្តែនៅសេសសល់ម្ចាស់យានយន្តមួយចំនួនទៀតនៅមិនទាន់បានបង់ពន្ធនៅឡើយទេ។ យ៉ាងណាក៏ដោយ ចំពោះម្ចាស់យានយន្តដែលមិនទាន់បានបង់ទៅបង់ពន្ធ អគ្គនាយកដ្ឋានពន្ធដារបានណែនាំឱ្យភ្ជាប់ទៅជាមួយនូវអត្តសញ្ញាណបណ្ណ បណ្ណសម្គាល់យានយន្ត និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដែលចេញដោយក្រសួងសាធារណការនិងដឹកជញ្ជូននៅសាខាពន្ធដារខេត្ត ឬខណ្ឌ ឬនៅធនាគារដែលជាដៃគូសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ មិនដូច្នេះទេ ម្ចាស់យានយន្តក៏អាចបង់តាមរយៈកម្មវិធីបង់ពន្ធលើទូរសព្ទដៃឈ្មោះថា GDT Taxpayer App សម្រាប់យានយន្តដែលធ្លាប់បានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនកន្លងមក។
ដោយឡែក ចំពោះយានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា ត្រូវស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវលតាបត្របង់ពន្ធ(ពន្ធជាបន្ទុករបស់រដ្ឋ)។ ចំណែកយានយន្តរបស់ក្រសួង-ស្ថាប័ន ឬអង្គភាពដែលត្រូវទទួលបានលតាបត្រពន្ធលើមធ្យោបាយដឹកជញ្ជូន ត្រូវភ្ជាប់មកជាមួយនូវបញ្ជីសារពើភណ្ឌយានយន្តទ្រព្យសម្បត្តិរដ្ឋ ដែលបានចុះបញ្ជីនៅអគ្គនាយកទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ រីឯយានយន្តឯកជនជ្រកក្រោមស្លាកលេខរដ្ឋ ដូចជា៖ ស្លាកលេខខ.ម និងន.ប ពុំអនុញ្ញាតឱ្យបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៣ទេ ប៉ុន្តែម្ចាស់យានយន្តទាំងនេះអាចបង់ពន្ធបានលុះត្រាតែបំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូលស្របតាមច្បាប់ និងបទបទប្បញ្ញត្តិស្ដីពីគយ និងចុះបញ្ជីយានយន្តនៅក្រសួងសាធារណការនិងដឹកជញ្ជូនឱ្យបានរួចរាល់ជាមុនសិន។
ក្នុងករណីម្ចាស់យានយន្តមិនបានបង់ពន្ធទាន់ពេលវេលាកំណត់ នឹងត្រូវទទួលរងនូវការអនុវត្តលើពន្ធបន្ថែមចំពោះការយឺតយ៉ាវតាមច្បាប់ស្ដីពីសារពើពន្ធជាធរមាន។ អគ្គនាយកដ្ឋានពន្ធដារនឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសនគរបាលចរាចរណ៍ និងកងរាជអាវុធហត្ថ ដើម្បីចុះត្រួតពិនិត្យការអនុវត្តប្រមូលពន្ធនេះនៅតាមដងផ្លូវនានា បន្ទាប់ពីបិទបញ្ចប់ការប្រមូលពន្ធនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣៕