ទីម័រទិញអង្ករ៤ពាន់តោនពីកម្ពុជាជាលើកដំបូង
ប្រទេសទីម័រលេស្តេ នៅព្រឹកថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ២០២៣ បានសម្រេចចុះហត្ថលេខាលើកិច្ចសន្យាទិញអង្ករពីកម្ពុជាចំនួន៤,០០០តោន ជាលើកដំបូងក្រោមយន្តការរដ្ឋ បន្ទាប់ពីប្រទេសទាំងពីរបានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការធ្វើពាណិជ្ជកម្មអង្ករ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ កន្លងទៅ រវាងក្រសួងពាណិជ្ជកម្មកម្ពុជា និង ក្រសួងការបរទេសនិងសហប្រតិបត្តិការទីម័រលេស្តេ។ នេះបើតាមការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១៦ ខែវិច្ឆិកា។
ពិធីចុះហត្ថលេខាលើកិច្ចសន្យាទិញលក់អង្កររវាងទីម័រ និងកម្ពុជានេះ បានធ្វើឡើងក្នុងកិច្ចជំនួបពិភាក្សាការងាររវាង លោក ចាន់ សុខទី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម ជាមួយនឹងគណៈប្រតិភូមកពីប្រទេសទីម័រលេស្តេ ដែលដឹកនាំដោយ លោក Anibal Carvalho Muniz តំណាងជាន់ខ្ពស់មកពីក្រសួងកិច្ចការសេដ្ឋកិច្ច នៃប្រទេសទីម័រលេស្តេ និងសហការីមកពី National Logistic Center (CLN) ព្រមទាំងមានការអញ្ជើញចូលរួមពីលោកឯកអគ្គរដ្ឋទូតទីម័រលេស្តេប្រចាំកម្ពុជាផងដែរ។
តំណាងប្រទេសទាំងពីរបានពិភាក្សាការងារជាមួយគ្នា ដើម្បីស្វែងយល់ពីសក្តានុពលក្នុងកិច្ចសហប្រតិបត្តិការធ្វើពាណិជ្ជកម្មអង្ករ រវាងក្រុមហ៊ុនហ្រ្គីនត្រេដ និងចរចាពីលក្ខខណ្ឌបច្ចេកទេស ក្នុងការនាំចេញទៅប្រទេសទីម័លេស្តេ។ ជាមួយគ្នានោះ ប្រធានអគ្គនាយកក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម គឺលោក ចាន់ សុខទី បានចាត់ទុក ជំហាននេះជាការបើកច្រកទីផ្សារថ្មីបន្ថែមទៀតសម្រាប់កម្ពុជា ក្នុងវិស័យស្រូវអង្ករ ហើយកម្ពុជាដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការនឹងបន្តខិតខំស្វែងរកទីផ្សារថ្មីៗបន្ថែមទៀតលើវិស័យនេះ។
សូមរម្លឹកថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៣នេះ កម្ពុជារកចំណូលបានសរុបចំនួន២២៩,២៣លានដុល្លារអាមេរិក ពីការនាំចេញអង្ករទៅទីផ្សារក្រៅប្រទេស ដោយកម្ពុជាបាននាំចេញអង្ករចំនួន ៣២៩,៦៣៣តោន ទៅកាន់គោលដៅចំនួន៥២ប្រទេសលើពិភពលោក។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា៕