សហភាពអឺរ៉ុប និងអង្គការFAO គាំទ្រការកែលម្អកម្មវិធីសិក្សាផ្នែកជលផលរបស់សាកលវិទ្យាល័យ
ខេត្តសៀមរាប៖ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) និងរដ្ឋបាល ជលផល (FiA) បានរៀបចំសិក្ខាសាលា ស្តីពីការគាំទ្រទៅលើការធ្វើឱ្យប្រសើរឡើងនូវកម្មវិធីសិក្សាបរិញ្ញាប័ត្រវិទ្យាសាស្ត្រជលផលជាបន្តបន្ទាប់ ជាមួយសាកលវិទ្យាល័យចំនួន៤ ដើម្បីកែលម្អការអប់រំផ្នែកជលផលនៅកម្ពុជា។
សិក្ខាសាលានេះប្រព្រឹត្តទៅនៅខេត្តសៀមរាបចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ និងចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។ ក្រៅពីការពង្រឹងសមត្ថភាពស្ថាប័នលើការអប់រំផ្នែកជលផល កម្មវិធីនេះក៏នឹងធានាបានថានិស្សិតដែលសិក្សានៅសាកលវិទ្យាល័យត្រូវទទួលបានចំណេះដឹង ជំនាញ ក៏ដូចជាសមត្ថភាពដែលសមស្របបំផុតទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន។
លោក Eric Baran អ្នកជំនាញស្រាវជ្រាវជលផលអន្តរជាតិនៃអង្គការ FAO កម្ពុជា បានអោយដឹងថា“យើងកំពុងឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់មហាវិទ្យាល័យដែលបង្រៀនផ្នែកវិទ្យាសាស្ត្រជលផល ដើម្បីជួយ ពិនិត្យ និងធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាផ្នែកជលផល ដោយដាក់បញ្ចូលចំណេះដឹង និងបច្ចេកវិទ្យាបច្ចុប្បន្ន ព្រមទាំងសម្របខ្លួនទៅនឹងទីផ្សារការងារក្នុងស្រុក តំបន់ និងអន្តរជាតិដែលកំពុងរីកចម្រើនក្នុងវិស័យជលផល” ។
សិក្ខាសាលានេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងយ៉ាងទូលំទូលាយក្នុងគោលបំណងលើកកម្ពស់ការគ្រប់គ្រង
ជលផលក្នុងប្រទេស ដោយបង្កើតឱ្យមានជំនាញវិជ្ជាជីវៈសម្រាប់យុវវ័យដែលអាចដោះស្រាយបញ្ហាប្រឈមនានាក្នុង
វិស័យជលផល។ សាកលវិទ្យាល័យដែលចូលរួមសិក្ខាសាលានេះមានចំនួន៤ សាកលវិទ្យាល័យភូមិន្ទកសិកម្ម, វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប, វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម និងសាកលវិទ្យាល័យក្រចេះ។
អង្គការ FAO ក៏កំពុងគាំទ្រកម្មវិធីការផ្លាស់ប្តូរបទពិសោធរវាងរដ្ឋបាលជលផល និងសាកលវិទ្យាល័យទាំងបួនផងដែរ ដោយបញ្ជូននិស្សិតបរិញ្ញាបត្រវិទ្យាសាស្ត្រឆ្នាំទី៤ ទៅហាត់ការនៅខណ្ឌរដ្ឋបាលជលផលចំនួន២០ខេត្តក្រុងទូទាំងប្រទេស។ សហភាពអឺរ៉ុប (EU) ផ្តល់មូលនិធិ ជួយកែលម្អកម្មវិធីសិក្សាសម្រាប់បរិញ្ញាបត្រវិទ្យាសាស្ត្រជលផល តាមរយៈអង្គការ FAO ក្រោមគម្រោងគាំទ្របច្ចេកទេស កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន
(ផ្នែកនេសាទ) ដែលកំពុងអនុវត្តចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៤ ដោយផ្តោតលើការធ្វើឱ្យប្រសើរឡើងនូវចំណេះដឹងសម្រាប់ការគ្រប់គ្រងជលផល ដែលរួមបញ្ចូលទាំងការគាំទ្រដល់សកម្មភាពសិក្សាស្រាវជ្រាវដែលជាអាទិភាពផងដែរ៕