ក្រសួងកសិកម្ម និងធនាគារ វីង ចុះអនុស្សរណៈយោគយល់គ្នា ដើម្បីផ្តល់អត្រាការប្រាក់ទាបដល់កសិករ

(ភ្នំពេញ)៖ ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា ដោយផ្តល់កម្ចីដែលអាចប្រើប្រាស់បានជាមួយនឹងអត្រាការប្រាក់ទាប នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារវីង (ខេមបូឌា) ម.ក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការប្រើប្រាស់ឥណទានរបស់ធនាគារវីង (ខេមបូឌា) ម.ក សម្រាប់ជំរុញការអភិវឌ្ឍន៍វិស័យកសិកម្ម។

ថ្លែងក្នុងឱកាសនោះលោករដ្ឋមន្ត្រីបានអោយដឹងថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ នឹងជំរុញឲ្យវិស័យកសិកម្មកាន់តែរីកចម្រើនបន្ថែមទៀត តាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដែលត្រូវការច្រើន និងការពង្រីកទីផ្សារសម្រាប់កសិករ និងអាជីវកម្មកសិកម្មនៅទូទាំងប្រទេសកម្ពុជា។

តាមរយៈអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងកសិកម្ម និងធនាគារវីង ដោយធនាគារនេះព្រមព្រៀងផ្តល់កម្ចីឥណទានចំនួន ៥លានដុល្លារអាមរិក ដល់ប្រជាកសិករក្នុងអត្រាការប្រាក់ទាប ពោលគឺត្រឹមតែ៧ទៅ៨ភាគរយ ក្នុងមួយឆ្នាំតែប៉ុណ្ណោះ ដោយមិនគិតកម្រៃសេវាអ្វីផ្សេងទៀតទេ ។

លោករដ្ឋមន្ត្រីគូសបញ្ជាក់ថា នេះ ជាជោគជ័យថ្មីមួយទៀតក្នុងការជួយដល់ដល់ប្រជាកសិករ ក៏ដូចជាអ្នកជំនួញក្នុងវិស័យកសិកម្ម សំដៅធ្វើយ៉ាងណា លើកកម្ពស់កម្លាំងថាមពលនៅក្នុងការជួយជំរុញអភិវឌ្ឍន៍វិស័យកសិកម្មឱ្យបានទៅមុខមួយកម្រិតទៀត ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ វីង បានបញ្ជាក់ឲ្យដឹងថា គម្រោងហិរញ្ញប្បទាននេះ ធ្វើឡើង គឺស្របតាមអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ ដើម្បីផ្តល់ឥណទានមានការប្រាក់ទាបដល់កសិករ និងដើម្បីជំរុញការងារវិស័យកសិកម្មឲ្យកាន់តែអភិវឌ្ឍន៍ទៅមុខបន្តទៀត និងដើម្បីគំាទ្រដល់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម និងកសិឧស្សាហកម្ម ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុកសម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds