ត្រីបបែលយក្សទម្ងន់ ៣០០គីឡូក្រាមរបស់កម្ពុជា បំបែកកំណត់ត្រាពិភពលោក (GUINNESS WORLD RECORDS) ជាត្រីទឹកសាបធំបំផុតនៅលើលោក
ភ្នំពេញ៖ ត្រីបបែលយក្សទឹកសាបចំនួន០៣ក្បាល ត្រូវបានអ្នកនេសាទចាប់បានដោយចៃដន្យនៅ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ត្រីបបែលយក្សទី១ ទម្ងន់១៨០គីឡូក្រាម ទី២ទម្ងន់១៤៣ គីឡូក្រាម និងត្រីបបែលយក្សទី៣ ទម្ងន់ ៣០០គីឡូក្រាម ត្រីបបែលយក្សទី៣នេះ ត្រូវបានជាប់ក្នុង កំណត់ត្រាពិភពលោក (GUINNESS WORLD RECORDS) ជាត្រីទឹកសាបធំបំផុតនៅលើពិភពលោក។
លោកបន្ថែមថា រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងសហការយ៉ាងជិតស្និទ្ធ ជាមួយស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍នានា ក្នុងការចូលរួមពង្រឹងការគ្រប់គ្រង ការការពារ និងការអភិរក្សធនធានជលផលឱ្យមាននិរន្តរភាព ជាពិសេសការការពារ និងអភិរក្សធនធាន ជលផលនៅតាមដងទន្លេមេគង្គក្នុងខេត្តក្រចេះ និងស្ទឹងត្រែង ដែលជាដែនជម្រកសត្វផ្សោត និងជាកន្លែង រស់នៅរបស់ត្រីមេពូជសំខាន់ៗ រួមទាំងប្រភេទត្រីដែលកំពុងរងគ្រោះថ្នាក់ ដូចជា ត្រីបបែលយក្សទឹកសាប ត្រីរាជ ត្រីគល់រាំង ត្រីត្រសក់ និងត្រីប៉ាសាណាក់។ ទន្ទឹមនេះ រដ្ឋបាលជលផល ក៏បានសហការជាមួយដៃគូអភិវឌ្ឍន៍ ធ្វើការសិក្សាស្រាវជ្រាវបច្ចេកទេសវិទ្យាសាស្រ្តជលផល តាមដានការប្រែប្រួលធនធាន ជលផល និងលំនឹងប្រព័ន្ធអេកូឡូស៊ីជលផល។
ដោយឡែកលោកបណ្ឌិតហ្សេប ហូហ្គេន ប្រធានគម្រោងអច្ឆរិយភាពនៃដងទន្លេមេកង្គ បានអោយដឹងថា ត្រីបបែលដ៏ធំនៅក្នុងប្រទេសកម្ពុជា នៅតែមានវត្តមានដែលជាផ្នែកមួយនៅក្នុងជីវៈចម្រុះនៅក្នុងពិភពលោកក៏ដូចជាធម្មធានជលផល ដែលមាននៅក្នុងពិភពលោក។
លោកបន្ថែមថា គម្រោងអច្ឆរិយភាពនៃដងទន្លេមេគង្គ គឺជាគម្រោងរួមគ្នារវាង ជាមួយអុ្នកជំនាញការ អ្នកវិទ្យាសាស្ត្រនានានៅក្នុងប្រទេសកម្ពុជា។ ជាមួយថវិការគាំទ្រដែលជាជំនួយរបស់ USAID គម្រោងអច្ឆរិយភាពនៃដងទន្លេមេគង្គ គឺផ្តល់ដល់ការសិក្សាស្រាវជ្រាវ ដែលបង្កើនការយល់ដឹងអំពីគុណតម្លៃនៃទន្លេមេគង្គដែលបន្តនូវអាហារចឹញ្ចឹមជីវិតប្រជាពលរដ្ឋជាច្រើនលាននាក់នៅក្នុងតំបន់។ លោកថា« តាមរយៈគម្រោងនេះ យើងបានធ្វើជោគជ័យជាច្រើន ដូចជាការរៀបចំអោយមានមន្ទីពិសោធន៍ ការសិក្សាស្រាវជ្រាវជាច្រើនក៏ដូចជាការគ្រប់គ្រងនានា និងវគ្គបណ្តុះបណ្តាលដែលមានសិក្ខាកាមចូលរួមជាច្រើនពាន់នាក់»។
សូមបញ្ជាក់ផងដែរថា ចាប់ពីឆ្នាំ២០២០ មក រដ្ឋបាលជលផល នៃក្រសួងកសិកម្ម និងគម្រោង អច្ឆរិយភាពនៃទន្លេមេគង្គ បានលែងប្រភេទត្រីដែលកំពុងរងគ្រោះថ្នាក់ចំនួន ១៦,២៣៦ក្បាល ចូលក្នុងដែនទឹកធម្មជាតិវិញ រួមមាន ត្រីគល់រាំង ត្រីរាជ ត្រីត្រសក់ ត្រីប្រាធំ ក្នុងនោះត្រីបបែលយក្ស ៣ក្បាលផងដែរ៕