សន្លឹកកិច្ចការរបស់បេក្ខជនប្រឡងបាក់ឌុបទូទាំងប្រទេសបានដឹកជញ្ជូនមកទុកនៅវិទ្យាល័យស៊ីសុវត្ថិទាំងអស់ហើយ
(រាជធានីភ្នំពេញ)៖ គិតត្រឹមរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ សន្លឹកកិច្ចការរបស់បេក្ខជនប្រឡងមធ្យមសិក្សាទុតិយ(ប្រឡងបាក់ឌុប)គ្រប់រាជធានីខេត្តបានដឹកយកមកទុកនៅវិទ្យាល័យស៊ីសុវត្ថិ រាជធានីភ្នំពេញអស់ហើយ ដោយរង់ចាំការបែងចែកទៅមណ្ឌលកំណែតាមមុខវិជ្ជាចំនួន១០នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់របស់លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ថ្លែងប្រាប់វិទ្យុវាយោតាមរយៈបណ្ដាញតេឡេក្រាម។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ចាប់ពីថ្ងៃ០៩ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ខាងមុខនេះ គឺជាដំណើរការនៃការកែសន្លឹកកិច្ចការ។ ក្នុងដំណើរការកែនេះ ប្រធាន និងអនុប្រធានក្រុមកំណែដែលសុទ្ធសឹងជាគ្រូបង្រៀនថ្នាក់ទី១២ អញ្ជើញមកពីគ្រប់រាជធានីខឹត្តក្រុង នឹងរៀបចំអត្រាកំណែរួមគ្នា ដោយបញ្ជាក់ច្បាស់លាស់ពីចម្លើយត្រឹមត្រូវនានា និងពិន្ទុច្បាស់លាស់ទៅតាមចម្លើយនីមួយៗ។ ជាពិសេស ការកែសន្លឹកទៀតសោត គឺត្រូវធ្វើឡើងដោយមិនឱ្យអ្នកកែស្គាល់ពីអត្តសញ្ញាណសន្លឹកកិច្ចការរបស់បេក្ខជននោះទេ ព្រោះនឹងមានយន្តការចុះលេខសម្ងាត់ យន្តការបែងចែកសន្លឹកកិច្ចការដល់គ្រូដែលជាអ្នកកែដោយមិនឱ្យគាត់រើសដុំណាមួយដែលគាត់ចង់កែនោះទេ។
ការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២២-២០២៣ បានបញ្ចប់ទៅដោយរលូនរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ទី០៧ ខែវិច្ឆិកាកន្លងទៅ។ ដំណើរការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ ឬប្រឡងបាក់ឌុបនៅឆ្នាំនេះ មានដំណើរល្អមានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ បើទោះបីជានៅតាមបណ្ដាខេត្តមួយចំនួនមានភ្លៀងធ្លាក់ក៏ដោយ ប៉ុន្តែមិនបានប៉ះពាល់ដល់ដំណើរការសំណេររបស់បេក្ខជនឡើយ។ យ៉ាងណា ក្នុងចំណោមបេក្ខជនបានចុះឈ្មោះប្រឡងសរុបចំនួន ១៣៧,៤១២នាក់ មានបេក្ខជនចំនួន ២,៣២៨នាក់(ស្មើនឹង១,៦៩ភាគរយ)បានអវត្តមានមិនចូលរួមការប្រឡង។
ចំពោះការប្រកាសលទ្ធផលប្រឡងបាក់ឌុប ឆ្នាំ២០២៣ នឹងត្រូវធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខសម្រាប់ មណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ខណៈមណ្ឌលប្រឡងក្នុងបណ្ដាខេត្តផ្សេងៗទៀត នឹងប្រកាសនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រមទាំងផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា(MoEYS Cambodia)៕