អ្នកកាសែតជើងចាស់កម្ពុជាស្នើចិនថតភាពយន្ត«No More Bets»វគ្គ២ដើម្បីជួយស្តារវិស័យទេសចរណ៍កម្ពុជា

(ប៉េកាំង, ចិន)៖ អ្នកកាសែតជើងចាស់កម្ពុជា និងជាប្រធានក្លឹបអ្នកកាសែតកម្ពុជា (CCJ) លោក ពុយ គា បានលើកជាយោបល់ឱ្យចិនផលិតខ្សែភាពយន្ត «No More Bets» វគ្គ២ ដើម្បីស្ដារវិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសកេរ្តិ៍ឈ្មោះនៃខេត្តព្រះសីហនុ។ លោក ពុយ គា បានថ្លែងបែបនេះ នៅក្នុងវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលចិន-កម្ពុជា ដែលបានធ្វើនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។
«No More Bets» គឺជាខ្សែភាពយន្តឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតដែលរៀបរាប់ពីរឿងរ៉ាវមនុស្ស ត្រូវបានជួញដូរទៅក្រៅប្រទេស និងបង្ខំឱ្យបោកប្រាស់តាមអ៊ីនធឺណិត។ ក្នុងភាពយន្តនេះ កម្ពុជាត្រូវបានគេបង្ហាញដោយប្រយោលថាជាប្រទេសដ៏មានគ្រោះថ្នាក់មួយ។ កាលពីចុងខែកញ្ញាកន្លងទៅ ក្រសួងវប្បធម៌ និងសិល្បៈនៃប្រទេសកម្ពុជា បានផ្ញើលិខិតទៅអាជ្ញាធរពាក់ព័ន្ធរបស់ប្រទេសចិន ដើម្បីដកភាពយន្តនេះពីការចាក់បញ្ចាំង ព្រោះវាបានធ្វើឱ្យយខូចកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា។
ក្នុងវេទិកាដែលមានការចូលរួមពីមន្ត្រីបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន, លោក ពុយ គា បានលើកឡើងថា «កម្ពុជាត្រូវបានគេមើលឃើញថាជាអ្នករងគ្រោះមួយដោយសារខ្សែភាពយន្ត No More Bets។ ដូច្នេះ ខ្ញុំសូមយកឱកាសនេះធ្វើការផ្ដល់យោបល់ថា តើយើង [កម្ពុជា-ចិន] អាចជួយស្ដារទំនុកចិត្តនេះឡើងវិញបានដោយរបៀបណា»។
លោកបានបន្ថែមថា «ក្នុងនាមជាប្រធានក្លឹបអ្នកកាសែតកម្ពុជា ខ្ញុំអាចសាកល្បងធ្វើជាស្ពានតភ្ជាប់ ដើម្បីឱ្យអ្នកផលិតខ្សែភាពយន្តរឿង No More Bets អាចមកផលិតវគ្គ២នៅកម្ពុជាដោយថតនៅខេត្តព្រះសីហនុ ដើម្បីមើលឃើញពីស្ថានភាពជាក់ស្តែងរបស់ខេត្ត»។ ទន្ទឹមនឹងនេះ លោកបានបន្ថែមថា៖ «ទោះជាយ៉ាងណា ការថតរឿងនឹងមិនអាចធ្វើទៅបាននៅថ្ងៃស្អែក ឬថ្ងៃបន្ទាប់នោះទេ ប៉ុន្តែអាចក្នុងរយៈពេល៣ខែ ឬ៦ខែ»។
អ្នកសារព័ត៌មានជើងចាស់រូបនេះ ក៏បានស្នើឱ្យភាគីចិនបើកច្រកឱ្យមានការផ្សព្វផ្សាយព័ត៌មានល្អៗពីកម្ពុជាទៅកាន់ប្រជាជនចិន ជាពិសេសតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិនដែលខុសពីកម្ពុជា។ លោកក៏បានជំរុញឱ្យមានការពង្រីកទីផ្សារនៅក្នុងប្រទេសចិនសម្រាប់ការនាំចូលផលិតផលកសិកម្មពីកម្ពុជាឱ្យបានច្រើនជាងពេលបច្ចុប្បន្ន៕
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open