ឃាត់ខ្លួនមេបញ្ជាការរងប៉េអឹមខេត្តកំពង់ស្ពឺម្នាក់ និងមេប៉េអឹមស្រុកភ្នំស្រួច រួមបក្សពួក៤រូបទៀត សង្ស័យពាក់ព័ន្ធទទួលផលបទល្មើសគ្រឿងញៀន
កំពង់ស្ពឺ៖ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការណ៍ជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ពន្លាតដែនសមត្ថកិច្ចស្រាវជ្រាវ និងឃាត់ខ្លួនមេបញ្ជាការរងអាវុធហត្ថខេត្តកំពង់ស្ពឺម្នាក់ និងមេបញ្ជាកងរាជអាវុធហត្ថស្រុកភ្នំស្រួច និងមន្ត្រីអាវុធហត្ថ៤នាក់ ទៀតពាក់ព័ន្ធបទល្មើសគ្រឿងញៀន។ នេះបើយោងតាមសេចក្តីប្រកាស ព័ត៌មានរបស់លោកឧត្តមសេនីយ៍ត្រីអេង ហុី អ្នកនាំពាក្យកងរាជ អាវុធហត្ថលើផ្ទៃប្រទេស។
ឧត្ដមសេនីយ៍ត្រី អេង ហ៊ី បានឲ្យដឹងថា ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បន្ទាប់កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបង្ក្រាបបទល្មើសគ្រឿងញៀន និងបានធ្វើការស្រាវជ្រាវបន្តដោយពន្លាតដែនសមត្ថកិច្ចដល់ខេត្តកំពង់ស្ពឺ។ អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស បន្ថែមថា តាមការសារភាព បុគ្គលទាំង៦រូប អាចពាក់ព័ន្ធនឹងករណីទទួលផលពីបទល្មើសគ្រឿងញៀន ព្រោះតាមលទ្ធផលនៃការធ្វើតេស្តសារធាតុញៀន បុគ្គលសង្ស័យទាំង៦រូបនេះ ពុំមានផ្ទុកសារធាតុញៀនទេ។
ជនសង្ស័យត្រូវបានកំពុងបន្តកសាងនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងការគោរពនូវប្បញ្ញត្តិ “ការសម្ងាត់នៃការស៊ើបអង្កេត”។ លោកឧត្ដមសេនីយ៍ត្រី អេង ហ៊ី បញ្ជាក់ថា ក្រោមការដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បុគ្គលដែលសង្ស័យពាក់ព័ន្ធនឹងបទល្មើស ត្រូវតែអនុវត្តតាមច្បាប់ បញ្ជូនទៅតុលាការ គឺដោយប្រកាន់ខ្ជាប់ខ្ជួននូវទិសស្លោក “ចំពោះប្រទេសត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប”។
យ៉ាងណាគេរងចាំមើលថា ក្រោយការចាប់ខ្លួន លោកវរសេនីយ៍ឯក ទិត្យ វណ្ណៈ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោកពេជ្រ ទីន មន្ត្រីអាវុធហត្ថខេត្ត លោកវរសេនីយ៍ត្រី យស ឌីណា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច លោក មុន្នី មេបញ្ជាការរងកងរាជអាវុធហត្ថមូលដ្ឋានស្រុកភ្នំស្រួច និងមន្ត្រីតាមស្នាក់ការពីនាក់ទៀតមិនទាន់ស្គាល់ឈ្មោះ ថាតើថ្នាក់លើមានចំណាត់ការបែបណា.? ៕